
រដ្ឋធានីវ៉ាស៊ីនតោន៖ មេបញ្ជាការកំពូលសហរដ្ឋអាម៉េរិក ប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោក សាមូអែល ប៉ាប៉ារ៉ូ (Samuel Paparo) បានបោះពាក្យសម្តីធ្ងន់ៗ និងមុតស្រួចទៅកាន់មេដឹកនាំកោះតៃវ៉ាន់ថា៖«សហរដ្ឋអាម៉េរិក មិនអាចទៅរវីរវល់ការពារកោះតៃវ៉ាន់ ខ្លាំងជាងតៃវ៉ាន់ខ្លួនឯងចង់ការពារនោះទេ!»...។

មេបញ្ជាការកំពូលសហរដ្ឋអាម៉េរិករូបនេះ បានប្រាប់សវនាការនៃគណៈកម្មាធិការសេវាកម្មយោធានៃព្រឹទ្ធសភាសហរដ្ឋអាម៉េរិកថា៖«វាមិនមែនជារឿងមាន់ និងពងមាន់នោះទេ ពីព្រោះអ្នកនឹងមិនទទួលបានទាំងមាន់ ឬទាំងពង ប្រសិនបើអ្នកបង្អត់ចំណីមាន់»។ លោកបន្តទៀតថា៖«ដូច្នេះ វាមានសារសំខាន់ខ្លាំងណាស់សម្រាប់ពួកគេ (តៃវ៉ាន់) ក្នុងការផ្ដល់មូលនិធិការពារជាតិដោយខ្លួនឯង!»។ លោក ប៉ាប៉ារ៉ូ ប្រើពាក្យស្លោកបែបឌឺដងនេះ គឺមិនមែនជារឿងត្រូវដេញដោលរឿង «មាន់ ឬពងមាន់» មួយណាកើតមុនទេ ប៉ុន្តែលោកចង់សម្តៅលើការដែលសភាតៃវ៉ាន់ បង្កកកញ្ចប់ថវិកាការពារជាតិ មិនព្រមបញ្ចេញលុយទិញអាវុធពីសហរដ្ឋអាម៉េរិក។

សូមជម្រាបថា ការចេញសារព្រមានខ្លាំងៗបែបនេះ កើតឡើងបន្ទាប់ពីរដ្ឋាភិបាល លោក ឡៃ ឈីងតេ (賴清德) បានស្នើកញ្ចប់ថវិកា៤០ពាន់លានដុល្លារដើម្បីពង្រឹងកងទ័ព ប៉ុន្តែត្រូវបានសភាកោះតៃវ៉ាន់ ដែលមានគណបក្សប្រឆាំងគួមីនតាំង (KMT) គ្រប់គ្រងអាសនៈភាគច្រើន កំពុងបន្តជជែកដេញដោលលើផែនការរបស់រដ្ឋាភិបាល និងសំណើដទៃទៀត ដែលមានតម្លៃថោកជាង។ ទន្ទឹមនឹងគណបក្សប្រឆាំងមួយនេះ បានអះអាងចង់ចរចាជាមួយចិន ជាជាងការប្រើអាវុធ។ សូមជម្រាបថា ថ្មីៗនេះ លោកស្រី ឆេង លីវុន (鄭麗文) ប្រធានគណបក្សគួមីនតាំង បានហោះទៅចាប់ដៃមេដឹកនាំចិន លោក ស៊ី ជីនពីង ដល់ផ្ទះ និងថែមទាំងបាននិយាយថា៖«ពួកយើងចង់ឃើញបក្សីហោះលើមេឃ ជាជាងឃើញគ្រាប់មីស៊ីល..!»។ សម្តីនេះ បានធ្វើឱ្យបក្សកាន់អំណាចកោះតៃវ៉ាន់ខឹងសម្បារយ៉ាងខ្លាំង ព្រោះយល់ថា ជាពាក្យសម្តីបន្ទន់ជង្គង់ចំពោះមុខសត្រូវ៕




