ចិនឆេះដុំដាក់ជប៉ុន និងអឺរ៉ុប រឿងចេះដឹងហួសហេតុលើបញ្ហាសមុទ្ទចិនខាងត្បូង
ហៀប ស៊ីថេត
មួយថ្ងៃមុន

អ.ស.ប៖ កាលពីថ្ងៃចន្ទទី២៧ ខែមេសា ចិនបានថ្កោលទោសចំពោះការលើកឡើងរបស់ជប៉ុន និងសហភាពអឺរ៉ុប អំពីបញ្ហាសមុទ្ទចិនខាងត្បូង នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈរដ្ឋធានីប៉េកាំងចោទប្រកាន់រាជធានីតូក្យូថា មានអាកប្បកិរិយាបង្កហេតុនៅច្រកសមុទ្ទតៃវ៉ាន់ និងរៀបចំផែនការពង្រីកសាច់ដុំយោធា...។

លោកស្រី អាយ៉ាណូ គូនិមីតស៊ូ (Ayano Kunimitsu) អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីសន្តិសុខដែនសមុទ្ទថា រាជធានីតូក្យូ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពនៅសមុទ្ទចិនខាងកើត និងសមុទ្ទចិនខាងត្បូង។ លោកស្រីបានបញ្ជាក់ជាថ្មី នូវការជំទាស់របស់ជប៉ុនចំពោះរាល់ការប៉ុនប៉ងផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្នដោយប្រើកម្លាំងយោធា និងការរារាំងសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរ។ លោក ស្តាវរ៉ូស ឡាំប្រ៊ីនីឌីស (Stavros Lambrinidis) ប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំអង្គការសហប្រជាជាតិ ក៏បានលើកឡើងពីភាពតានតឹងនៅសមុទ្ទចិនខាងត្បូងផងដែរ ដោយអះអាងថា បញ្ហានេះ​ បានរារាំងផ្លូវដឹកជញ្ជូនដ៏សំខាន់ និងបង្កជាបញ្ហាប្រឈមដល់សណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់។ តាមពិតទៅ ភាគីទាំង២ មិនបានបញ្ចេញឈ្មោះប្រទេសចិនចំៗនោះទេ បើទោះបីជាចិនទាមទារស្ទើរតែទាំងស្រុងនូវសមុទ្ទចិនខាងត្បូង និងមានជម្លោះទឹកដីជាមួយជប៉ុន នៅសមុទ្ទចិនខាងកើតក៏ដោយ។

ជុំវិញរឿងរ៉ាវនេះ អនុរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក សាន់ ឡី (Sun Lei) ចាត់ទុកការលើកឡើងរបស់ជប៉ុនថា៖«ជារឿងមិនត្រឹមត្រូវ។ ពួកគេបានបំភ្លៃការពិត សទៅជាខ្មៅ»។ លោកបន្ថែមថា៖«តំណាងសហភាពអឺរ៉ុប គួរតែចៀសវាងការចេញផ្សាយមតិដែលគ្មានភស្តុតាង និងគ្មានទំនួលខុសត្រូវលើបញ្ហាសមុទ្ទចិនខាងត្បូង»។ លោកបានបន្តថា៖«តាមពិតទៅ ស្ថានភាពនៅសមុទ្ទចិនខាងកើត និងសមុទ្ទចិនខាងត្បូង នៅតែមានស្ថិរភាព ហើយសមុទ្ទចិនខាងត្បូង គឺជាផ្លូវនាវាចរណ៍ដែលមានសេរីភាពបំផុតមួយនៅក្នុងពិភពលោក»។ ជាចុងក្រោយ លោកបានចោទប្រកាន់ជប៉ុន ថា កាលពីពេលថ្មីៗនេះ បានបញ្ជូននាវាទៅសម្ញែងសាច់ដុំ និងចេតនាបង្កភាពតានតឹងនៅច្រកសមុទ្ទតៃវ៉ាន់ ហើយនេះជាសញ្ញាខុសឆ្គងយ៉ាងធ្ងន់ធ្ងរដល់ក្រុមបំបែកខ្លួននៅតៃវ៉ាន់៕

លោក សាន់ ឡី
លោក សាន់ ឡី
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត