កិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាកាតាលីករពន្លឿនខឿនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែលឿនទៅមុខ
ហៀប ស៊ីថេត
17 កក្កដា 2024 09:00 AM

រាជធានីភ្នំពេញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្ម គឺជាកត្តាជំរុញសេដ្ឋកិច្ចកម្ពុជាយ៉ាងសំខាន់ ខណៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTAs) ត្រូវបានរំពឹងថា នឹងជួយកម្ពុជាទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) កាន់តែច្រើន និងជំរុញល្បឿននៃការនាំចេញកាន់តែលឿនទៅមុខជាលំដាប់ ជាពិសេសពាណិជ្ជកម្មរវាងកម្ពុជា-ចិន ក្នុងនាមជា «មហាមិត្តដែកថែប»។ ការណ៍នេះទៀតសោតបានបង្ហាញពីជំហរដ៏រឹងមាំរបស់កម្ពុជា ក្នុងវាំងនននៃភាពមិនប្រាកដប្រជានៃលម្ហសេដ្ឋកិច្ចពិភពលោក...។

មែនទែនទៅ កម្ពុជាគឺជាសមាជិកនៃកិច្ចព្រមព្រៀង RCEP ដែលមានប្រទេសចំនួន ១៥នៅអាស៊ីប៉ាស៊ីហ្វិក ហើយកម្ពុជាក៏មាន FTAs ​ជាមួយប្រទេសចិន កូរ៉េខាងត្បូង និងអារ៉ាប់រួមផងដែរ។ ដូច្នេះ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយភាគីនៅក្នុងតំបន់ និងភាគីផ្សេងទៀតបានអូសទាញរំហូរ FDI កាន់តែច្រើន និងពង្រីកការនាំចេញរបស់កម្ពុជា ទៅកាន់តំបន់កាន់តែទូលំទូលាយ។ ជាការពិតណាស់ កតិកាសញ្ញាពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះ នឹងជួយជំរុញផលិតភាពកម្ពុជា និងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ប្រទេសសមាជិកអាស៊ានមួយនេះ ខណៈសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងកើនឡើង៦ភាគរយនៅឆ្នាំ២០២៤ ដោយឆ្នាំ២០២៣ មានត្រឹមតែ៥ភាគរយប៉ុណ្ណោះ។ ការកើនឡើងនេះ ក៏ជំរុញដោយការកើនឡើងនៃការនាំចេញ ការងើបឡើងវិញនៃវិស័យទេសចរណ៍រឹងមាំ កំណើនក្នុងវិស័យដឹកជញ្ជូននិងទំនាក់ទំនង និងកំណើនក្នុងវិស័យកសិកម្ម។

ទន្ទឹមគ្នានេះ របាយការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញថា ប្រទេសកម្ពុជាបានអនុម័តការវិនិយោគលើទ្រព្យសកម្មថេរចំនួន២,៥ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៤ ដែលនឹងបង្កើតឱកាសការងារបានប្រហែល ១៣ម៉ឺនកន្លែង។ ខាងផ្នែកពាណិជ្ជកម្ម ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បាននាំចេញផលិតផលមានតម្លៃ៨ពាន់លានដុល្លារអាម៉េរិក ក្នុងអំឡុងខែមករាដល់ខែមេសាឆ្នាំនេះ ពោលគឺកើនឡើង១៥,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាទឡ្ហីករណ៍ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បានលើកឡើងកាលពីខែឧសភាកន្លងទៅថា កិច្ចព្រមព្រៀង RCEP និង FTAs ​​នឹងជួយឱ្យកម្ពុជាសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆតាខ្ពស់របស់ខ្លួនក្នុងការរលាស់ខ្លួនក្លាយជា ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០

ជាបន្តទៀត អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ បានប្រាប់សារព័ត៌មានស៊ីនហួររបស់ចិនថា៖«កតិកាសញ្ញាពាណិជ្ជកម្មទាំងនេះ មិនត្រឹមតែផ្តល់ការជំរុញដល់កំណើនពាណិជ្ជកម្មប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្នុងរយៈពេលវែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាមេដែកស្រូបទាញ FDIs កាន់តែច្រើនមកកាន់កម្ពុជាថែមទៀត..ផងដែរ»។ គួរជម្រាបថា RCEP មានប្រទេសចំនួន១៥ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសសមាជិកអាស៊ានទាំង១០ដូចជា៖ កម្ពុជា ប្រ៊ុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម និងដៃគូពាណិជ្ជកម្មធំៗចំនួនប្រាំទៀតគឺ៖ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលហ្សេឡង់

លោក ប៉ែន សុវិជាតិ
លោក ប៉ែន សុវិជាតិ

បន្ថែមលើនេះ លោកបណ្ឌិត គិន ភា អគ្គនាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ដែលជាអ្នកគិតក្រោមរាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់មានលើកឡើងថា ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវររបស់ចិន បានចាក់គ្រឹះយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ក្នុងរយៈពេលវែង។ លោកក៏បានលម្អិតយ៉ាងពិស្តារក្នុងកាសែតដ៏ល្បីរបស់ចិនថា៖«ក្រោមក្របខណ្ឌ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន បានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវហាយវេ ស្ពាន ផ្លូវល្បឿនលឿន រោងចក្រវារីអគ្គិសនី តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែសមុទ្ទ និងព្រលានយន្តហោះជាដើម»។

លោកបណ្ឌិត គិន ភា
លោកបណ្ឌិត គិន ភា

ជាបន្ត លោកបណ្ឌិត ប្រកាសចំៗថា៖«គម្រោងសំខាន់ៗ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវររបស់ចិនទាំងនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់របៀបវារៈនៃការអភិវឌ្ឍរបស់កម្ពុជា នាំមកនូវឱកាសសម្រាប់កម្ពុជា ក្នុងការកម្ចាត់ភាពក្រីក្រ និងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះ ដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងក្រអៅបេះដូងរបស់ប្រជាជន»។ ជាចុងក្រោយ លោកបណ្ឌិត គិន ភា បានគូសសបញ្ជាក់ច្បាស់ៗថា គម្រោងខ្នាតធំទាំងនេះ បានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ការតភ្ជាប់ ការធានាប្រភពផ្គត់ផ្គង់អគ្គិសនីប្រកបដោយនិរន្តរភាព លើកកម្ពស់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ការធ្វើពិពិធកម្មប្រភពនៃកំណើន និងកាត់បន្ថយការចំណាយលើភស្តុភារនៅកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត