
រាជធានីភ្នំពេញ៖ កុំដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន សុខចិត្តធ្វើទង្វើមិនគប្បីចំពោះភ្ញៀវទេសចរ ធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត និងកិត្តិនាមរបស់កម្ពុជា។ ត្រូវចងចាំថា ការការពារកិត្តិនាមកម្ពុជា គឺជាការការពារសេដ្ឋកិច្ចកម្ពុជា…។

នេះជាប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២២មីនា ២០២៥។ សម្ដេចធិបតីគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំបង្កើតព្រឹត្តិការណ៍ និងផលិតផលទេសចរណ៍ថ្មីៗជាច្រើនប្រកបដោយភាពទាក់ទាញ ព្រមទាំងជួយលើកស្ទួយបន្ថែមទៀតនូវគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ មានដូចជាព្រឹត្តិការណ៍បុណ្យទន្លេ អង្គរសង្ក្រាន្ត និងផ្លូវថ្មើរជើង ជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ បង្កើនប្រាក់ចំណូលជូនប្រជាជន និងអាជីវករនៅក្នុងមូលដ្ឋានផ្ទាល់។ ក្នុងន័យនេះ គ្រប់តួអង្គពាក់ព័ន្ធត្រូវប្រកាន់ខ្ជាប់នូវស្មារតី៖«ការការពារកិត្តិនាម គឺជាការការពារសេដ្ឋកិច្ចកម្ពុជា ដែលកើតចេញពីសក្តានុពលទេសចរណ៍»។ ដូច្នេះ សូមកុំដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ឬផលប្រយោជន៍រយៈពេលខ្លី សុខចិត្តធ្វើទង្វើមិនគប្បីចំពោះភ្ញៀវទេសចរ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តទៅលើប្រព័ន្ធអេកូឡូស៊ី នៃវិស័យទេសចរណ៍ទាំងមូល។

ដើម្បីរួមចំណែកជួយការពារកិត្តិនាមកម្ពុជា លើកកម្ពស់វិស័យទេសចរណ៍ និងផ្ដល់ទំនុកចិត្តដល់ភ្ញៀវទេសចរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសុខសន្តិភាព និងជួយផ្សព្វផ្សាយនូវពាក្យស្លោក «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» “ទេសចរណ៍ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” និង “បុគ្គលម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់”។ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជាពិសេសជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យបានហ្មត់ចត់ និងជាប់ជាប្រចាំ។ ចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់តាមដងទន្លេ លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ ការតភ្ជាប់ និងការដឹកជញ្ជូន។ ជំរុញការផលិតឱ្យបានសម្បូរបែប ដើម្បីផ្គត់ផ្គង់ដល់វិស័យទេសចរណ៍ សំដៅជំរុញ «ការនាំចេញនៅនឹងកន្លែង»។

សម្ដេចក៏បានលើកទឹកចិត្តផងដែរដល់ប្អូនៗយុវជន អ្នកផលិតមាតិកាលើបណ្តាញសង្គម បណ្តាញសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដែលបានខិតខំក្នុងការជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍នានារបស់កម្ពុជា។ ដោយឡែក រដ្ឋបាលរាជធានី-ខេត្ត ត្រូវបំផុសឱ្យមានការរៀបចំព្រឹត្តិការណ៍អបអរសង្រ្កាន្តឆ្នាំថ្មីក្នុងមូលដ្ឋានរបស់ខ្លួន ចាប់តាំងពីកម្រិតថ្នាក់ខេត្តដល់ថ្នាក់ក្រុង-ស្រុក-ឃុំ-ភូមិ និងនៅតាមគោលដៅទេសចរណ៍ និងវត្តអារាមនានា បន្ថែមពីលើមហាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងចូលរួមឱ្យកាន់តែសកម្មជាមួយក្រសួងទេសចរណ៍ ក្នុងការជំរុញការធ្វើពិពិធកម្មព្រឹត្តិការណ៍ និងផលិតផលទេសចរណ៍៕




