សួនឧស្សាហកម្មកម្ពុជា កំពុងទាក់ទាញក្រុមហ៊ុនពីប្រទេសថៃ និងវៀតណាម
ហៀប ស៊ីថេត
2 ឆ្នាំមុន

រាជធានីភ្នំពេញ៖ សួនឧស្សាហកម្មកម្ពុជា ដែលបានបម្រើការជាយូរមកហើយសម្រាប់ក្រុមហ៊ុនផលិតកម្មរបស់ជប៉ុន និងចិន កំពុងស្វែងរកការធ្វើពិពិធកម្មថ្មី ខណៈការផ្លាស់ប្ដូរនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោកបង្កើតឱកាសសម្រាប់កម្ពុជា ក្នុងការទាក់ទាញក្រុមហ៊ុនកាន់តែច្រើនឡើង។ នេះបើតាមការចុះផ្សាយរបស់កាសែតជប៉ុន Nikkei។

តំបន់​សេដ្ឋកិច្ច​ពិសេសក្នុងរាជធានី​ភ្នំពេញ​មានក្រុមហ៊ុន​ជួល​ជាង៩០ក្រុមហ៊ុន​ មក​ពី ១៥ប្រទេស​ផ្សេងគ្នា ក្នុង​ផ្ទៃ​ក្រឡា៣,៥៧គីឡូម៉ែត្រ​ការ៉េ។ នេះជាសួនឧស្សាហកម្មឈានមុខគេមួយរបស់ប្រទេសកម្ពុជា រួមជាមួយនឹងសួនឧស្សាហកម្មចិនទំហំ១០គីឡូម៉ែត្រការ៉េក្នុងក្រុងព្រះសីហនុផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនជប៉ុន និងចិន មានចំនួនពីរភាគបីនៃក្រុមហ៊ុនជួលសរុប ខណៈសេដ្ឋកិច្ចប្រទេសទាំងពីរនៅតែមានសារសំខាន់សម្រាប់សួនឧស្សាហកម្មដែលជាប្រភពនៃការវិនិយោគ។ យ៉ាងណា ប្រតិបត្តិករបានអះអាងថា មានគោលបំណងទាក់ទាញក្រុមហ៊ុនថៃ និងវៀតណាម កាន់តែច្រើន ក៏ដូចជាក្រុមហ៊ុនពិភពលោក ដែលផ្លាស់ប្ដូរមូលដ្ឋានរបស់ពួកគេពីប្រទេសជិតខាងទាំងពីរ។

លោក ហ៊ីរ៉ូស៊ី អ៊ូម៉ាត់ស៊ូ (Hiroshi Uematsu) នាយកប្រតិបត្តិនៃប្រតិបត្តិករ Royal Group PPSEZ បានប្រាប់កាសែតជប៉ុន Nikkei Asia ថា៖«តាមភូមិសាស្ត្រ វាមានភាពងាយស្រួលក្នុងការបំពេញបន្ថែមខ្សែច្រវាក់ផ្គត់ផ្គង់របស់ប្រទេសថៃ ហើយយើងបានព្យាយាមទាក់ទាញក្រុមហ៊ុននានា មកតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ PPSEZ» ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម សុខ ចិន្តាសោភា និងរដ្ឋមន្ត្រីការបរទេសថៃ លោក ម៉ារីស សាំងស្យាមពុងសា (Maris Sangiampongsa) បានជួបប្រជុំគ្នានៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា និងបានពិភាក្សាថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសទៅវិញទៅមកនៅតាមខេត្តជាប់ព្រំដែន នឹងពង្រឹងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កើតការរួមផ្សំសេដ្ឋកិច្ច។ គួរជម្រាបថា ភ្នំពេញមានចម្ងាយប្រហែល២០០គីឡូម៉ែត្រពីទីក្រុងព្រៃនគរ(ហូជីមិញ) និងខេត្តដូនណៃ(Dong Nai) នៃដែនដីកម្ពុជាក្រោម ភាគខាងត្បូងប្រទេសវៀតណាម ដែលមានសួនឧស្សាហកម្មជាច្រើន។

លោក ហ៊ីរ៉ូស៊ី អ៊ូម៉ាត់ស៊ូ
លោក ហ៊ីរ៉ូស៊ី អ៊ូម៉ាត់ស៊ូ

លោក អ៊ូម៉ាត់ស៊ូ បាននិយាយថា៖«យើងជឿជាក់ថា វាអាចទៅរួចក្នុងការលើកទឹកចិត្តដល់ការផ្ទេរផលិតកម្មពីប្រទេសវៀតណាម និងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់សហប្រតិបត្តិការ»។ លោក អ៊ូម៉ាត់ស៊ូ បានលើកឡើងថា កម្ពុជានឹងទាក់ទាញក្រុមហ៊ុនបន្ថែមទៀត នៅពេលដែលក្រុមហ៊ុនកំណត់រចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេឡើងវិញ ដោយសារការផ្លាស់ប្ដូរភូមិសាស្ត្រនយោបាយ។ លោកបានបន្ថែមថា៖«ប្រសិនបើលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតប្រធានាធិបតីអាម៉េរិក ខែវិច្ឆិកា ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន អាចនឹងកើនឡើង ហើយកម្ពុជានឹងទាក់ទាញការយកចិត្តទុកដាក់កាន់តែច្រើនជាទិសដៅផ្លាស់ប្ដូរទីតាំងផលិតកម្ម»។

គួរជម្រាបថា ជប៉ុន​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​កម្ពុជា​ចង់​ទាក់ទាញ​ការ​វិនិយោគពីបរទេស។ ស្របគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនៅក្នុងបទសម្ភាសមួយក្នុងខែឧសភា នៅរាជធានីតូក្យូថា ការវិនិយោគរបស់ជប៉ុន នឹងជួយទប់ស្កាត់ការពឹងផ្អែកសេដ្ឋកិច្ចទាំងមូលរបស់កម្ពុជា លើប្រទេសចិន ប៉ុន្តែប្រាក់យ៉េនទន់ខ្សោយបើធៀបនឹងប្រាក់ដុល្លារដោយបានបង្កផលលំបាកដល់ក្រុមហ៊ុនជប៉ុន ក្នុងការហូរចូលមកកម្ពុជាដែលជាប្រទេសសេដ្ឋកិច្ចពឹងផ្អែកលើប្រាក់ដុល្លារ។ ជាចុងក្រោយ នាយកប្រតិបត្តិនៃប្រតិបត្តិករ Royal Group ខាងលើ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​​អ្នក​វិនិយោគ​បរទេស ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត បាន​ណែនាំ​ដល់​ក្រសួង​ស្ថាប័ន​នានា ​ឱ្យ​​ដោះស្រាយ​បញ្ហា​អាជីវកម្ម​ព្រោះ​វិស័យ​ឯកជន​ នឹង​ជំរុញ​ខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន៕

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត