គិតត្រឹម៧ខែដំបូងនៃឆ្នាំ២០២៤ កម្ពុជាកើបលុយបាន ២៦៩លានដុល្លារពីការនាំចេញជ័រកៅស៊ូ
ហៀប ស៊ីថេត
13 សីហា 2024 08:30 AM

ភ្នំពេញ៖ កម្ពុជាបាននាំចេញជ័រកៅស៊ូធម្មជាតិចំនួន ១៧៣៩១៥តោនក្នុងរយៈពេល៧ខែដំបូងមឆ្នាំ២០២៤ ដោយកើនឡើង១,៧២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានចំនួន១៧០៩៦៨តោន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូកាលពីថ្ងៃអាទិត្យទី១១ខែសីហា ដែលចុះផ្សាយក្នុងទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួរ។

របាយការណ៍បានបង្ហាញថា កម្ពុជាទទួលបានប្រាក់ចំណូលចំនួន ២៦៩លានដុល្លារអាម៉េរិកពីការនាំចេញទំនិញជ័រកៅស៊ូក្នុងអំឡុងខែមករាដល់ខែកក្កដាឆ្នាំ២០២៤នេះ ដោយកើនឡើង ១២,៤ភាគរយទទួលបានចំនួន ២៣៩,៣លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោក ឃុន កក្កដា អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកៅស៊ូបានអះអាងនៅក្នុងរបាយការណ៍ថា ៖«ជ័រកៅស៊ូមួយតោនជាមធ្យមមានតម្លៃ ១,៥៤៧ដុល្លារអាម៉េរិកក្នុងអំឡុងពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៤ ខណៈប្រហែល ១៤៧ដុល្លារក្នុងមួយតោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន»

មែនទែនទៅ ការនាំចេញទំនិញជ័រកៅស៊ូភាគច្រើនទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។ រហូតមកដល់ពេលនេះ កម្ពុជាបានដាំដើមកៅស៊ូលើផ្ទៃដីសរុបចំនួន ៤០៧១៧២ហិកតា ក្នុងនោះដើមកៅស៊ូនៅលើផ្ទៃដី ៣២០១៨៤ហិកតា ស្មើនឹង ៧៨,៦ភាគរយមានអាយុកាលគ្រប់គ្រាន់ល្មមសម្រាប់ប្រមូលផល។ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត