ថៃបន្ទោសអាម៉េរិកកប់ៗមាត់ថា «មិនបានជួយអ្វីបន្តិចដល់ខ្លួន» ដែលកំពុងលំបាកដោយសារសង្គ្រាមមជ្ឈិមបូព៌ា
Mao Sopha
29 មេសា 2026 03:37 PM

រាជធានីបាងកក៖ ថៃអាក់អន់ស្រពោនចិត្តនឹងអាម៉េរិកយ៉ាងខ្លាំង រហូតដល់ទ្រាំលែងបាន ក៏ខ្ជាក់ពាក្យសម្តីគ្រោតគ្រាតចេញមក។ លោក សីហស័ក្តិ ភួងកេតកែវ (Sihasak Phuangketkeow) រដ្ឋមន្រ្តីការបរទេសថៃ បាននិយាយត្រង់ៗ ដោយលែកគិតពីការទូតថា អាម៉េរិក ពុំបានជួយអ្វីសូម្បីបន្តិចដល់ថៃ ដែលកំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ច ដោយសារសង្គ្រាមមជ្ឈិមបូព៌ា។

លោក សីហស័ក្តិ
លោក សីហស័ក្តិ

ការប្រើពាក្យពេចន៍ធ្ងន់ៗរបស់លោក សីហស័ក្តិ ដែលមានលក្ខណៈរិះគន់ និងស្តីបន្ទោសអាម៉េរិកបែបនេះ ធ្វើឡើងក្នុងកិច្ចសម្ភាសជាមួយកាសែត Washington Post របស់អាម៉េរិក ហើយត្រូវបានចុះផ្សាយបន្តដោយកាសែត ខាវសូត របស់ថៃ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។ 

អាម៉េរិក និងអ៊ីស្រាអែល ទម្លាក់គ្រាប់លើរដ្ឋធានីតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់។ 
អាម៉េរិក និងអ៊ីស្រាអែល ទម្លាក់គ្រាប់លើរដ្ឋធានីតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់។ 

លើសពីនេះ រដ្ឋមន្រ្តីការបរទេសថៃ ថែមទាំងប្រើវោហារសាស្រ្តវ៉ៃអាម៉េរិកទៀតថា សង្គ្រាមមជ្ឈិមបូព៌ា ដែលបង្កឡើងរួមគ្នាដោយអាម៉េរិក និងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ បានបង្កបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ ជាពិសេសផ្នែកថាមពលតែម្តង មកដល់បណ្តាប្រទេសក្នុងទ្វីបអាស៊ីទាំងមូល។ រដ្ឋមន្រ្តីការបរទេសថៃរូបនេះ ប្រើអណ្តាតបង្កប់ន័យបែបទូន្មានអាម៉េរិកថា «សង្គ្រាមនេះ មិនគួរកើតមាននោះទេ» ហើយបន្ទាប់មកលោក ក៏តម្អូញដោយមិនខ្មាសអៀនថា «អាម៉េរិក មិនបានផ្តល់ជំនួយគាំទ្រជាក់ស្តែងណាមួយដល់ថៃទាល់តែសោះ»។ 

ច្រកសមុទ្ទហ័រមូស្ស ជាច្រកដ៏សំខាន់សម្រាប់ដឹកជញ្ជូនប្រេងចេញទៅកាន់ពិភពលោក។ ចាប់តាំងពីសង្គ្រាមផ្ទុះឡើង ច្រកនេះត្រូវបានបិទ។ 
ច្រកសមុទ្ទហ័រមូស្ស ជាច្រកដ៏សំខាន់សម្រាប់ដឹកជញ្ជូនប្រេងចេញទៅកាន់ពិភពលោក។ ចាប់តាំងពីសង្គ្រាមផ្ទុះឡើង ច្រកនេះត្រូវបានបិទ។ 

លត់អាម៉េរិកឡើងឆ្អែតហើយ លោក សីហស័ក្តិ ក៏ត្រឡប់មកធ្វើជានិយាយបែបសមគួរថា ថៃ មិនចង់រិះគន់អាម៉េរិកដោយផ្ទាល់បែបនេះឡើយ ប៉ុន្តែ ជម្លោះនៅជម្ឈិមបូព៌ា គួរតែចៀសវាងល្អជាង។ សូមជម្រាបថា ដំបូងឡើយ អាម៉េរិក និងអ៊ីស្រាអែល បើកការវាយប្រហារទៅលើតែអ៊ីរ៉ង់ប៉ុណ្ណោះ តែក្រោយមក​ អ៊ីស្រាអែល ក៏តម្រង់ក្បាលគ្រាប់មីស៊ីលទៅរកក្រុមហេសបូឡានៅលីបង់ដែរ ធ្វើឱ្យសង្គ្រាមឆាបឆេះកាន់តែខ្លាំង។ 

ផ្សែង និងភ្លើងឆាប់ឆេះឡើង នៅទីតាំងមួយកន្លែងក្នុងប្រទេសលីបង់ ដោយសារអ៊ីស្រាអែលទម្លាក់គ្រាប់។
ផ្សែង និងភ្លើងឆាប់ឆេះឡើង នៅទីតាំងមួយកន្លែងក្នុងប្រទេសលីបង់ ដោយសារអ៊ីស្រាអែលទម្លាក់គ្រាប់។

ទោះបីជាមានបទឈប់បាញ់រយៈពេលខ្លីជាបណ្តោះអាសន្នរវាងអ៊ីស្រាអែល និងលីបង់ក្តី តែធាតុពិត នៅលីបង់ ពិសេសនៅបែកខាងត្បូងប្រទេសនេះ នៅតែទទួលរងគ្រាប់មីស៊ីលពីអ៊ីស្រាអែលដដែល។ ចំណែកអាម៉េរិក និងអ៊ីរ៉ង់ និយាយមិនទាន់ត្រូវគ្នានោះទេ។ អាម៉េរិក ធានាផ្អាកការវាយប្រហារ តែទាមទារឱ្យអ៊ីរ៉ង់ផ្អាកកម្មវិធីអភិវឌ្ឍនុយក្លេអ៊ែជាមុនសិន។ ស្នើអ្វីបាន តែស្នើឱ្យផ្អាកការអភិវឌ្ឍនុយក្លេអ៊ែដែលខ្លួនខំចំណាយលុយអស់សន្ធឹកសន្ធាប់ហើយនោះ គឺអ៊ីរ៉ង់មិនអាចងក់ក្បាលជាមួយអាម៉េរិកឡើយ ដូច្នេះទើបបានជាសង្គ្រាមនៅតែបន្ត។  

ទីតាំងប្រេងមួយកន្លែងក្នុងប្រទេសអ៊ីរ៉ង់។ 
ទីតាំងប្រេងមួយកន្លែងក្នុងប្រទេសអ៊ីរ៉ង់។ 

ងាកមកនិយាយពីថៃ និងអាម៉េរិកវិញ! ថ្វីដ្បិតតែជាសម្ព័ន្ធមិត្តជាមួយគ្នា តែមួយរយៈពេលកន្លងមកនេះ ពិសេសចាប់តាំងពីការឈ្លានពានកម្ពុជាមក ថៃ តែងប្រើសម្តីលើសលស់លើអាម៉េរិកម្តងហើយម្តងទៀត ដោយមិនក្រែងចិត្ត។ ទឡ្ហីករណ៍ជាក់ស្តែង៖ ថៃធ្លាប់ប្រកាសលុបកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ជាអ្នកផ្តើមគំនិតជួយបង្កើតឡើយ ហើយប្រើពាក្យថា មិនខ្លាចអាម៉េរិកដំឡើងពន្ធគយនោះទេ ហើយពេលនេះ ថៃ ហ៊ានទិតៀនអាម៉េរិកថា មិនបានជួយអ្វីដល់ថៃ ដែលកំពុងទទួលរងផលលំបាកដោយសារសង្គ្រាមមជ្ឈិមបូព៌ា ដែលអាម៉េរិកបង្កឡើង៕     

លោក ត្រាំ
លោក ត្រាំ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត