ខ្មាន់កាំភ្លើង Cole Allen ប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ក្រោយប៉ុនប៉ងធ្វើឃាតប្រធានាធិបតី
N
Nary Vann
10 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ លោក ខូល ថូម៉ាស អេឡិន (Cole Tomas Allen) វ័យ៣១ឆ្នាំ ដែលជាជនសង្ស័យក្នុងករណីបាញ់ប្រហារដ៏រន្ធត់មួយ ក្នុងពិធីជប់លៀងអ្នកសារព័ត៌មានសេតវិមាន ត្រូវបានបញ្ជូនមកកាន់តុលាការសហព័ន្ធនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៧មេសាម្សិលមិញ ដោយប្រឈមមុខនឹងការចោទប្រកាន់ជាផ្លូវការ ពីបទប៉ុនប៉ងធ្វើឃាតប្រធានាធិបតីសហរដ្ឋអាម៉េរិក។ ប្រសិនបើតុលាការរកឃើញថា មានទោសកំហុសពិតប្រាកដ ជននេះអាចនឹងត្រូវជាប់ពន្ធនាគារអស់មួយជីវិត...

ជនជាប់ចោទ ខូល ថូម៉ាស អេឡិន
ជនជាប់ចោទ ខូល ថូម៉ាស អេឡិន

នៅក្នុងសវនាការលើកដំបូង ជនជាប់ចោទ អេឡិន បានបង្ហាញខ្លួនក្នុងឯកសណ្ឋានអ្នកទោស ជាមួយនឹងខ្នោះដៃ ខណៈរដ្ឋអាជ្ញា ចូសស៊ីលីន បលឡេនទីន (Jocelyn Ballantine) បានប្រកាសយ៉ាងច្បាស់ៗនៅចំពោះមុខចៅក្រមថា៖«ជននេះ បានប៉ុនប៉ងធ្វើឃាតប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ»។ ទន្ទឹមនោះ អគ្គមេធាវីស្ដីទី លោក ធូដ ប្លេនឆេ (Todd Blanche) បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា តាមរយៈការស៊ើបអង្កេតបឋម អេឡិន បានផ្ញើអ៊ីមែលទៅកាន់សាច់ញាតិរបស់ខ្លួននៅយប់កើតហេតុ ដោយក្នុងនោះរូបគេបានហៅលោក ត្រាំ ថា ជាជនក្បត់ជាតិ និងបានប្រើពាក្យជេរប្រមាថធ្ងន់ៗជាច្រើនទៀត។ នេះគឺជាភស្តុតាងដ៏សំខាន់ ដែលបង្ហាញថា ការវាយប្រហារនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងនយោបាយ និងការស្អប់ខ្ពើមផ្ទាល់ខ្លួន។

ហេតុការណ៍ដ៏តក់ស្លុតនេះ បានក្លាយជាភស្តុតាងថ្មីមួយទៀតនៃរលកអំពើហិង្សានយោបាយ ដែលកំពុងយាយីសហរដ្ឋអាម៉េរិក បន្ទាប់ពីការបាញ់សម្លាប់សកម្មជននយោបាយអភិរក្សនិយម លោក ឆាលី ឃឺក (Charlie Kirk) កាលពីខែកញ្ញាឆ្នាំមុន។ ការសម្លាប់សមាជិកសភាបក្សប្រជាធិបតេយ្យមកពីរដ្ឋមីនីសូតា (Minnesota) និងស្វាមី និងការប៉ុនប៉ងធ្វើឃាតលើលោក ត្រាំ ចំនួន២លើករួចមកហើយ កាលពីក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤។

បច្ចុប្បន្ន ចៅក្រមបានបញ្ជាឱ្យឃុំខ្លួន លោក អេឡិន បន្តរហូតដល់ថ្ងៃព្រហស្បតិ៍ ដើម្បីពិចារណាលើការឃុំខ្លួនរហូតដល់ថ្ងៃកាត់ទោស ខណៈរដ្ឋអាជ្ញាគ្រោងនឹងបន្ថែមបទចោទប្រកាន់ជាច្រើនទៀត។ លោក ត្រាំ និងក្រុមការងារសន្តិសុខជាតិ បានឆ្លៀតឱកាសនេះរំលឹកដល់សភាថា ការគំរាមកំហែងដល់ជីវិតប្រធានាធិបតី គឺជាភស្តុតាងដែលសហរដ្ឋអាម៉េរិក ត្រូវការកញ្ចប់ថវិកាយោធា និងសន្តិសុខមាតុភូមិកាន់តែច្រើន ដើម្បីរក្សារដ្ឋបាល ដែលកំពុងផ្លាស់ប្ដូរមុខមាត់ប្រទេសមួយនេះ ឱ្យនៅតែរឹងមាំជានិរន្តរ៍៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត