
រដ្ឋធានីវ៉ាស៊ីនតោន៖ ក្ដីសង្ឃឹមក្នុងការបញ្ចប់សង្រ្គាមរយៈពេលពីរខែរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានប្រែជាស្រពេចស្រពិលជាថ្មី បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បង្ហាញការមិនពេញចិត្តចំពោះសំណើចុងក្រោយរបស់រដ្ឋធានីតេហេរ៉ង់។

សំណើរបស់អ៊ីរ៉ង់ដែលចង់ឱ្យផ្អាកការពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែរទុកមួយឡែក រហូតដល់សង្រ្គាមត្រូវបានបញ្ចប់ និងវិវាទផ្លូវទឹកនៅតំបន់ឈូងសមុទ្ទត្រូវបានដោះស្រាយនោះ ត្រូវបានរដ្ឋបាលលោក ត្រាំ ចាត់ទុកថា ជាលក្ខខណ្ឌដែលមិនអាចទទួលយកបាន។ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកម្នាក់ បង្ហើបថា សម្រាប់លោក ត្រាំ បញ្ហានុយក្លេអ៊ែរត្រូវតែជាចំណុចចម្បងដែលត្រូវដោះស្រាយតាំងពីដំបូងបំផុត បើពុំនោះទេ គ្មានការចរចាណាមួយអាចទៅរួចឡើយ។ អ្នកនាំពាក្យសេតវិមាន លោកស្រី អូលីវៀ វែលស៍ (Olivia Wales) បានសង្កត់ធ្ងន់យ៉ាងដាច់អហង្កាថា រដ្ឋបាលលោក ត្រាំ បានកំណត់ «បន្ទាត់ក្រហម» យ៉ាងច្បាស់លាស់បំផុតក្នុងសង្រ្គាមដែលបានផ្ទុះឡើងតាំងពីខែកុម្ភៈកន្លងទៅ។

ខណៈសង្រ្គាមនេះបាននិងកំពុងបង្កវិនាសកម្មដល់អាយុជីវិតមនុស្សរាប់ពាន់នាក់ ជំរុញឱ្យអតិផរណាកើនឡើង និងរំខានដល់ការផ្គត់ផ្គង់ថាមពលពិភពលោក លោក ត្រាំ នៅតែរក្សាជំហររឹងត្អឹងដូចកាលពីអាណត្តិទីមួយរបស់លោក ដែលធ្លាប់បានដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ ជំហរមិនងាករេនេះ បានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងសន្តិភាពកាន់តែជួបផ្លូវទាល់ច្រក ជាពិសេស បន្ទាប់ពីលោកប្រធានាធិបតីទី១លើលោក លុបចោលដំណើរទស្សនកិច្ចរបស់បេសកជនពិសេសលោក ស្ទីវ វិតខូហ្វ (Steve Witkoff) និងកូនប្រសារលោក ជេរេដ ខូស្នឺ (Jared Kushner) ទៅកាន់ប្រទេសប៉ាគីស្ថាន ដែលជាទីតាំងសម្របសម្រួលកិច្ចចរចាដ៏សំខាន់។

ស្របពេលដែលវ៉ាស៊ីនតោនបង្ហាញភាពរឹងត្អឹង រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាឈី (Abbas Araqchi) បានបន្តយុទ្ធនាការការទូតយ៉ាងសកម្ម ដោយបានធ្វើដំណើរទៅកាន់ប្រទេសអូម៉ង់ និងចុងក្រោយបានទៅដល់ប្រទេសរុស្ស៊ី ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។ ក្នុងជំនួបនោះ លោក អារ៉ាឈី ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសម្ព័ន្ធមិត្តចាស់វស្សារបស់ខ្លួន ដែលនេះសបញ្ជាក់ថា អ៊ីរ៉ង់កំពុងស្វែងរកការជ្រោមជ្រែងពីមហាអំណាចផ្សេងទៀត ដើម្បីទប់ទល់នឹងសម្ពាធយោធា និងសេដ្ឋកិច្ចពីសំណាក់រដ្ឋបាលលោក ត្រាំ និងអ៊ីស្រាអែល។ ស្ថានភាពបច្ចុប្បន្នបង្ហាញថា ដរាបណាភាគីទាំងពីរមិនទាន់អាចរកចំណុចរួមលើបញ្ហានុយក្លេអ៊ែរ នោះសង្រ្គាមបង្ហូរឈាម នឹងបន្តយាយីស្ថិរភាពពិភពលោកតទៅទៀត៕



