អាម៉េរិក-អ៊ីរ៉ង់ ឈ្លោះគ្នាបែកផ្សែងនៅអង្គការសហប្រជាជាតិ រឿងកម្មវិធីអាវុធនុយក្លេអ៊ែរ
ហៀប ស៊ីថេត
8 ម៉ោងមុន

អ.ស.ប៖ នៅថ្ងៃអង្គារទី២៨ ខែមេសានេះ ក្នុងកិច្ចប្រជុំមួយនៅអង្គការសហប្រជាជាតិ តំណាងសហរដ្ឋអាម៉េរិក និងតំណាងអ៊ីរ៉ង់​ បានផ្លោងពាក្យសម្តីដាក់គ្នាទៅវិញទៅមក បន្ទាប់ពីប្រទេសអ៊ីរ៉ង់ ត្រូវបានគេជ្រើសរើសឱ្យធ្វើជាអនុប្រធាននៃសន្និសីទអន្តរជាតិមួយ ស្តីពីការត្រួតពិនិត្យឡើងវិញ នូវសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ(NPT)។

សហរដ្ឋអាម៉េរិក ចាត់ទុកការផ្ដល់តួនាទីជាអនុប្រធានដល់អ៊ីរ៉ង់នេះ ជារឿងអាម៉ាសបំផុត និងជាការប្រមាថដល់សេចក្តីថ្លៃថ្នូរនៃកិច្ចប្រជុំអង្គការសហប្រជាជាតិ។ លោក គ្រីស្តូហ្វ័រ យ៉េវ (Christopher Yeaw) អនុរដ្ឋលេខាធិការនៃការិយាល័យត្រួតពិនិត្យអាវុធ និងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិក បានថ្លែងប្រាប់សន្និសីទថា៖«អ៊ីរ៉ង់[..]គឺជាប្រទេសដែលតែងតែរំលោភលើការសន្យារឿងអាវុធនុយក្លេអ៊ែរ ព្រោះអ៊ីរ៉ង់មិនព្រមសហការជាមួយភ្នាក់ងារឃ្លាំមើលអាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ដើម្បីបកស្រាយមន្ទិលសង្ស័យផ្សេងៗឡើយ។ វាគឺជាការប្រមាថដល់សន្ធិសញ្ញា NPT»។

លោក គ្រីស្តូហ្វ័រ យ៉េវ 
លោក គ្រីស្តូហ្វ័រ យ៉េវ 

ភ្លាមៗនោះ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA) លោក រ៉េហ្សា ណាចាហ្វី (Reza Najafi) បានវាយបកវិញថា ការរិះគន់របស់អ្នកតំណាងសហរដ្ឋអាម៉េរិក គឺជារឿងគ្មានមូលដ្ឋាន និងជានយោបាយសុទ្ធសាធ។ លោកក៏បានឌឺដងដាក់តមណាងអាម៉េរិកវិញថា៖«សហរដ្ឋអាម៉េរិក គឺជាប្រទេសតែមួយគត់ក្នុងលោក ដែលធ្លាប់ប្រើអាវុធនុយក្លេអ៊ែរ(ទម្លាក់លើជប៉ុន)។ សហរដ្ឋអាម៉េរិកខ្លួនឯងកំពុងតែបន្តធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងគគ្រឹកគគ្រេង ដូច្នេះ មិនគួរមកធ្វើខ្លួនជាអ្នកកាត់សេចក្តីលើប្រទេសដទៃនោះទេ»។

លោក រ៉េហ្សា ណាចាហ្វី
លោក រ៉េហ្សា ណាចាហ្វី

សូមជម្រាបថា ស្របពេលសង្គ្រាមរួមគ្នារបស់សហរដ្ឋអាម៉េរិក-អ៊ីស្រាអែល វាយប្រហារលើអ៊ីរ៉ង់ បាននិងកំពុងបន្តឆាបឆេះ មេដឹកនាំអ៊ីរ៉ង់ បានដាក់សំណើថ្មីមួយដើម្បីបញ្ចប់ជម្លោះគឺ«សុំទុកបញ្ហានុយក្លេអ៊ែរមួយអន្លើសិន ហើយងាកមកដោះស្រាយរឿងសង្គ្រាមបច្ចុប្បន្ន និងការដឹកជញ្ជូនតាមសមុទ្ទហ័រមូស្សឱ្យចប់សិន ទើបនិយាយគ្នារឿងនុយក្លេអ៊ែរតាមក្រោយ»។ ទោះជាយ៉ាងណា សេតវិមានបានបញ្ជាក់យ៉ាងច្បាស់ថា ប្រធានាធិបតី ដូណាល់ ត្រាំ នៅតែរក្សាគោលការណ៍បន្ទាត់ក្រហមរបស់ខ្លួនដដែល ពោលគឺ អ៊ីរ៉ង់មិនត្រូវអនុញ្ញាតឱ្យមានអាវុធនុយក្លេអ៊ែរជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។ នេះមានន័យថា សហរដ្ឋអាម៉េរិក មិនចង់ឱ្យអ៊ីរ៉ង់មានតួនាទីក្នុងកិច្ចការនុយក្លេអ៊ែរឡើយ ចំណែកអ៊ីរ៉ង់ចោទសហរដ្ឋអាម៉េរិកថា ជាអ្នកមានអាវុធនុយក្លេអ៊ែរមុនគេ តែដើរហាមគេឯង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត