
រដ្ឋធានីវ៉ាស៊ីនតោន៖ ក្នុងសភាអាម៉េរិក នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ព្រះមហាក្សត្រឆាលទី៣ នៃចក្រភពអង់គ្លេស បានមានបន្ទូលពីសារៈសំខាន់នៃទំនាក់ទំនងពិសេសរវាងចក្រភពអង់គ្លេសជាមួយសហរដ្ឋអាម៉េរិក ហើយព្រះអង្គថែមទាំងរំលេចឡើងច្បាស់ៗពីសារៈសំខាន់របស់អង្គការណាតូ ក្នុងការការពារអ៊ុយក្រែនផងដែរ។ អាម៉េរិក និងអង់គ្លេស សុទ្ធតែជាសមាជិកអង្គការសម្ព័ន្ធមិត្តយោធាដ៏ធំមួយនេះ។

ព្រះមហាក្សត្រ និងព្រះមហាក្សត្រីអង់គ្លេស បានយាងទៅបំពេញទស្សនកិច្ចជាប្រវត្តិសាស្រ្តនៅលើទឹកដីអាម៉េរិករយៈពេល៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣០ ខែមេសា។ «ពាក្យសម្តីអាម៉េរិក មានទម្ងន់ និងមានន័យ..សកម្មភាពរបស់ប្រទេសមហាអំណាចមួយនេះ គឺពិតជាសំខាន់» នេះជាបន្ទូលរបស់ស្តេចឆាលក្នុងន័យលើកតម្កើតអាម៉េរិក ហើយត្រូវបានចុះផ្សាយដោយកាសែតអង់គ្លេស The Guardian។

បន្ទាប់មក ព្រះមហាក្សត្រអង់គ្លេស បានជំរុញឱ្យមានដំណោះស្រាយរឹងមាំ ដើម្បីធានាដល់យុត្តិធម៌ពិតប្រាកដ និងសន្តិភាពយូរអង្វែងសម្រាបអ៊ុយក្រែន។ គួររម្លឹកថា មកដល់ពេលនេះ អ៊ុយក្រែន ស្ថិតក្នុងសង្គ្រាមអស់៤ឆ្នាំហើយ ដោយគេមើលឃើញថា ភាគីដែលចាប់ផ្តើមមុន គឺរុស្ស៊ី ជាប្រទេសធំជាងគេបំផុត ហើយក៏ជាមហាអំណាចមួយនឹងគេដែរ។

លោក ដូណាល់ ត្រាំ ធ្លាប់ប្រកាសយ៉ាងឱឡារិកក្នុងយុទ្ធនាការបោះឆ្នោតថា បើបានធ្វើជាប្រធានាធិបតីម្តងទៀត លោក នឹងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ។ ប៉ុន្តែ ក្រោយជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាម៉េរិកជាលើកទី២ លោក ត្រាំ មិនទាន់អាចបញ្ចប់សង្គ្រាមនេះបានដូចមាត់ឡើយ។ មិនត្រឹមតែប៉ុណ្ណឹងទេ ប្រធានាធិបតីអាម៉េរិករូបនេះ ថែមទាំងចាប់ដៃជាមួយអ៊ីស្រាអែលជាសម្ព័ន្ធមិត្តផឹកឈាមរួមសម្បថ បើកការវាយប្រហារលើអ៊ីរ៉ង់ បង្កើតជាសង្គ្រាមដ៏ធំមួយបន្ថែមទៀតសម្រាប់ពិភពលោក៕



