
មជ្ឈិមបូព៌ា៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អេនថូនី អាលបានីស បញ្ជាក់ថា គ្រាប់រ៉ុក្កែតរបស់អ៊ីរ៉ង់មួយគ្រាប់ បានធ្លាក់ក្បែរមូលដ្ឋានទ័ពអាកាស Al Minhad ក្នុងប្រទេសអារ៉ាប់រួម (UAE) ជាកន្លែងស្នាក់នៅរបស់កងទ័ពអូស្ត្រាលី...។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២រំលងអាធ្រាត្រ ដោយគ្រាប់រ៉ុក្កែតបានធ្លាក់ចំផ្លូវឆ្ពោះទៅកាន់មូលដ្ឋានទ័ព និងបង្កជាអគ្គិភ័យមួយ ធ្វើឱ្យខូចខាតដល់អគារស្នាក់នៅ និងមណ្ឌលសុខភាពមួយចំនួន ប៉ុន្តែសំណាងល្អមិនមានកងទ័ពអូស្ត្រាលីណាម្នាក់រងរបួស ឬបាត់បង់អាយុជីវិតឡើយ។ លោក អាលបានីស ថ្លែងប្រាប់អ្នកសារព័ត៌មានថា៖«ខ្ញុំអាចបញ្ជាក់បានថា គ្មានបុគ្គលិកអូស្ត្រាលីណាម្នាក់រងរបួសទេ ហើយអ្នករាល់គ្នា គឺមានសុវត្ថិភាពទាំងស្រុងនៅពេលនេះ»។

ទោះយ៉ាងណា លោកមិនបានបញ្ជាក់ពីចំនួនកងទ័ពដែលកំពុងស្នាក់នៅទីនោះ ឬថាតើមានកងទ័ពមកពីប្រទេសផ្សេងទៀតរងគ្រោះដែរឬទេ ប៉ុន្តែមូលដ្ឋានទ័ពអាកាស Al Minhad ត្រូវបានគេដឹងថា ជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់បណ្ដាប្រទេសលោកខាងលិច ក្នុងការដឹកជញ្ជូនទ័ព និងសម្ភារសឹកពាសពេញតំបន់មជ្ឈិមបូព៌ា។ ការវាយប្រហារនេះ ហាក់ដូចជាស៊ីសង្វាក់គ្នាទៅនឹងសេចក្តីរាយការណ៍ពីភ្នាក់ងារ Associated Press (AP) ដែលបានឮសំឡេងផ្ទុះយ៉ាងខ្លាំងនៅជិតទីក្រុងឌូបៃ កាលពីព្រឹកព្រលឹមថ្ងៃពុធនេះ។ នេះគឺជាសញ្ញាមួយទៀតដែលបង្ហាញថា សង្គ្រាមមជ្ឈិមបូព៌ា កំពុងរីករាលដាលកាន់តែខ្លាំង ដោយអ៊ីរ៉ង់បានចាប់ផ្ដើមវាយបកវិញលើគោលដៅយោធារបស់សម្ព័ន្ធមិត្តអាម៉េរិក ដែលស្ថិតនៅក្នុងបណ្ដាប្រទេសអារ៉ាប់ជិតខាង៕


