មន្ត្រីសេតវិមានបញ្ជាក់ថា ត្រាំ អាចស្នើឱ្យសម្ព័ន្ធមិត្តអារ៉ាប់ជួយបង់ថ្លៃប្រតិបត្តិការយោធានៅអ៊ីរ៉ង់
N
Nary Vann
13 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ មន្ត្រីសេតវិមានបានបង្ហើបឱ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ អាចនឹងពិចារណាលើការស្នើឱ្យបណ្ដាប្រទេសអារ៉ាប់ជួយចេញថ្លៃចំណាយលើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដែលត្រូវបានគេប៉ាន់ប្រមាណថា មានទំហំទឹកប្រាក់រាប់សិបពាន់លានដុល្លារ...។

លោកស្រី ខារ៉ូឡាញ លីវីត
លោកស្រី ខារ៉ូឡាញ លីវីត

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទទី៣០មីនា អ្នកនាំពាក្យសេតវិមាន លោកស្រី ខារ៉ូឡាញ លីវីត (Karoline Leavitt) បានឆ្លើយតបទៅនឹងសំណួរដែលលើកឡើងថា តើបណ្តាប្រទេសអារ៉ាប់គួរជួយចេញថ្លៃសង្គ្រាម ដូចកាលពីសម័យសង្គ្រាមឈូងសមុទ្ទឆ្នាំ១៩៩០ ដែរឬទេ? លោកស្រីបញ្ជាក់ថា លោក ត្រាំ ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគំនិតនេះ ប៉ុន្តែលោកនឹងបញ្ជាក់លើបញ្ហានេះដោយផ្ទាល់នាពេលក្រោយ។ គួររំឭកថា ក្នុងសម័យសង្គ្រាមឈូងសមុទ្ទឆ្នាំ១៩៩០ សម្ព័ន្ធមិត្ត (រួមទាំងអាល្លឺម៉ង់ និងជប៉ុន) បានរៃអង្គាសប្រាក់ប្រមាណ៥៤ពាន់លានដុល្លារ (ឬអាចស្មើនឹង១៣៤ពាន់លានដុល្លារនាពេលបច្ចុប្បន្ន) ជូនសហរដ្ឋអាម៉េរិក ដើម្បីទប់ស្កាត់ការឈ្លានពានរបស់អ៊ីរ៉ាក់លើប្រទេសគុយវ៉ែត តាមការស្នើសុំរបស់បណ្ដាប្រទេសអារ៉ាប់។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពលើកនេះ មានភាពខុសប្លែកគ្នា ដោយសារសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល បានបើកសង្គ្រាមជាមួយអ៊ីរ៉ង់ដោយឯកតោភាគី ដោយមិនមានការចូលរួមពីសម្ព័ន្ធមិត្តក្នុងតំបន់ឡើយ។

ការលើកឡើងនេះ កើតឡើងចំពេលតម្លៃសង្គ្រាមកំពុងហក់ឡើងយ៉ាងគំហុក ដោយយោងតាមការប៉ាន់ស្មានពីមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (CSIS) ការចំណាយលើសង្គ្រាមក្នុងរយៈពេល១២ថ្ងៃដំបូង បានហក់ឡើងដល់ ១៦,៥ពាន់លានដុល្លារ ហើយមកដល់ពេលនេះ (ថ្ងៃទី៣១មីនា នៃសង្គ្រាម) តួលេខនឹងកាន់តែឡើងខ្ពស់ខ្លាំងបន្ថែមទៀត។ យ៉ាងណា សេតវិមានកំពុងស្នើសុំកញ្ចប់ថវិកាបន្ថែមចំនួន២០០ពាន់លានដុល្លារពីសភាដើម្បីបន្តប្រតិបត្តិការសឹកជាមួយអ៊ីរ៉ង ខណៈតម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិក បានហក់ឡើងដល់៣,៩៩ដុល្លារក្នុងមួយហ្គាឡុង ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មាន។ ឆ្លើយតបនឹងការព្រួយបារម្ភ ជុំវិញការឡើងថ្លៃទំនិញ និងប្រេងឥន្ធនៈ លោកស្រី លីវីត បានសង្កត់ធ្ងន់ថា៖«ទាំងនេះគឺជាផលវិបាក និងការប្រែប្រួលតម្លៃរយៈពេលខ្លី ដើម្បីផលប្រយោជន៍រយៈពេលវែង ក្នុងការបញ្ចប់ការគំរាមកំហែង ដែលបង្កឡើងដោយអ៊ីរ៉ង់ចំពោះកងទ័ពរបស់យើង សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តក្នុងតំបន់»

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត