
រាជធានីបាងកក៖ ស្របពេលមន្ត្រី និងសារព័ត៌មានថៃ តែងលើកម្រាមដៃចង្អុលមកកម្ពុជា ដោយគ្មានភស្តុតាងច្បាស់លាស់ រឿងបទល្មើសឆបោកតាមអនឡាញ ឬតាមប្រព័ន្ធអ៊ីនធឺណិត ស្រាប់តែពេលនេះ ការពិតដ៏អាម៉ាស់មួយត្រូវបានលាតត្រដាង ពោលគឺ ថៃខ្លួនឯង គឺជាសម្បុកដ៏សុខសាន្តសម្រាប់មេខ្លោងឧក្រិដ្ឋជនអន្តរជាតិ...។

យោងតាមការចុះផ្សាយនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចថៃ បានបង្ខំចិត្តចាប់ខ្លួនបុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ វ័យ៣៣ឆ្នាំ នៅរីសតលំដាប់ផ្កាយមួយក្នុងកោះភូកេត បន្ទាប់ពីទទួលបទបញ្ជាពីការិយាល័យស៊ើបអង្កេតសហព័ន្ធអាម៉េរិក (ឬ FBI)។ ជនសង្ស័យរូបនោះ ត្រូវបានចោទប្រកាន់ពីបទបង្កើតបណ្តាញឆបោកតាមអនឡាញទ្រង់ទ្រាយធំ ដោយបោកប្រាស់លុយជនជាតិអាម៉េរិក អស់ប្រមាណ ១០លានដុល្លារ។ មែនទែនទៅ ថៃតែងតែព្យាយាមលាបពណ៌កម្ពុជារឿងឆបោកតាមអនឡាញ ប៉ុន្តែខ្លួនឯងបែរជាបើកដៃឱ្យឧក្រិដ្ឋជនសម្ងំលាក់ខ្លួនសោយសុខក្នុងរីសតប្រណីតរបស់ខ្លួនយ៉ាងរំភើយ។ នេះមានន័យថា បើគ្មានការផ្ដល់ដំណឹង និងដាក់សម្ពាធពី FBI របស់សហរដ្ឋអាម៉េរិកទេ ម្ល៉េះមេខ្លោងរូបនោះ ប្រហែលជាបន្តប្រើប្រទេសថៃ ធ្វើជាមូលដ្ឋាននៃប្រតិបត្តិការឆបោកយ៉ាងគគ្រឹកគ្រេងបាត់ទៅហើយ។

កន្លងមក ថៃតែងតែយកលេសពីការឆបោកតាមអនឡាញ ដើម្បីបើកការឈ្លានពានលើកម្ពុជា ដើម្បីថ្ពិនភ្នែកពិភពលោកថា រាជធានីបាងកក កំពុងទប់ស្កាត់បទល្មើសឆបោកអនឡាញនៅព្រំដែនកម្ពុជា។ យ៉ាងណា ព្រឹត្តិការណ៍ចាប់ខ្លួនមេខ្លោងឧក្រិដ្ឋជននៅភូកេតនេះ បានទម្លាយមុខមាត់ពិតរបស់ប្រទេសថៃ មេខ្លោងលំដាប់អន្តរជាតិ គឺកំពុងដេកសោយសុខយ៉ាងហ៊ឺហាបំផុត នៅក្នុងប្រទេសថៃ។ សំណួរជាច្រើនបានចោទសួរថា តើមានមេខ្លោងឧ្រិដ្ឋជនប៉ុន្មាននាក់ទៀត ដែលកំពុងសោយសុខនៅប្រទេសថៃ ដើម្បីធ្វើរឿងកខ្វក់នេះ? ហើយថាតើថៃអាចលាក់បាំងទង្វើស្មោគគ្រោករបស់ខ្លួន និងបំភាន់ភ្នែកអន្តរជាតិបានយូរប៉ុណ្ណា?...៕




