
បទបរិយាយ៖ ចេញពីប្រទេសចិនចូលឡាវ និងចេញពីប្រទេសឡាវ ព្រះមហាក្សត្រថៃ មហាវិជ្ជរ៉ាឡុងកន នឹងយាងទៅកាន់ប្រទេសស៊ុយអែត នាពេលឆាប់ៗខាងមុខ។ អ្នកវិភាគភូមិសាស្ត្រនយោបាយអន្តរជាតិ លាតត្រដាងថា នេះមិនមែនគ្រាន់តែជាដំណើរទស្សនកិច្ចការទូតធម្មតានោះទេ ប៉ុន្តែបានបង្កប់នូវផែនការយុទ្ធសាស្ត្រ ដើម្បីស្វែងរកការគាំទ្រពីបណ្តាប្រទេសនៅតំបន់អឺរ៉ុប ជាពិសេស អាចជាផែនការអាថ៌កម្បាំង ដើម្បីចរចាទិញសព្វាវុធបន្ថែមទៀតពីប្រទេសស៊ុយអ៊ែត មុនឈានមកបង្កជម្លោះ និងឈ្លានពានកម្ពុជា ជុំទី៣...។

ជារឿងធម្មតាទៅហើយសម្រាប់ប្រទេសថៃ រាល់ពេលមានវិបត្តិផ្ទៃក្នុង ឬចង់ឈ្លានប្រទេសជិតខាងដូចជា «កម្ពុជា» រាជធានីបាងកក តែងតែបញ្ចេញអាត់កឺ តាមរយៈការប្រើប្រាស់ខ្សែរាជវង្សយាងចេញពីប្រទេសទៅកាន់ឆាកអន្តរជាតិ។ ការយាងទៅកាន់ប្រទេសស៊ុយអែត នាពេលនេះ អាចជាការសាងភាពស្និទ្ធស្នាលបន្ថែមមួយកម្រិតទៀត ជាមួយប្រទេសនាំចូលអាវុធដ៏ធំបំផុតមួយរបស់ប្រទេសថៃ ដោយបង្កប់នូវផែនការអាថ៌កម្បាំង ក្នុងស្រមោលមហិច្ឆតាឈ្លានពានកម្ពុជា ជុំទី៣ តាមរយៈការបញ្ជាទិញសព្វាវុធបន្ថែម ស្របពេលប្រទេសនេះ ទើបតែប្រកាសលុបចោល MoU ៤៤ ជាមួយកម្ពុជា ជាឯកតោភាគី និងតាមទំនើងចិត្ត។ ដើម្បីយល់ច្បាស់ពីមហិច្ឆតារបស់ថៃ យើងមិនត្រូវមើលត្រឹមតែគម្រោងយាងទៅកាន់ស៊ុយអែតនាពេលនេះនោះទេ ប៉ុន្តែត្រូវក្រឡេកទៅមើលខ្សែច្រវាក់ការទូត ដែលថៃបានរៀបចំយ៉ាងល្អិតល្អន់ នាពេលកន្លងមក ជាមួយប្រទេសឡាវ និងមហាយក្សចិន មុននិងក្រោយពេលបើកការឈ្លានពានកម្ពុជា។

គេនៅចាំបានថា មុនពេលប្រកាសផែនការយាងទៅកាន់ប្រទេសស៊ុយអ៊ែត មន្ត្រីជាន់ខ្ពស់ និងព្រះមហាក្សត្រថៃ បានបង្កើនសកម្មភាពយ៉ាងក្លៀវក្លានៅក្នុងប្រទេសឡាវ។ នេះមិនមែនជាការរឹតចំណងមិត្តភាពធម្មតាឡើយ ប៉ុន្តែ..ជាផែនការយុទ្ធសាស្ត្រ ដែលក្រុមអាមាតបានរៀបចំ។ ក្នុងដំណើរទស្សនកិច្ចនោះទៀតសោត ថៃព្យាយាមបន្សាបឥទ្ធិពលកម្ពុជាជាមួយឡាវ និងស្វែងរកការគាំទ្រពីរដ្ឋធានីវៀងចន្ទន៍បន្ថែមទៀត ដើម្បីធានាថា ប្រសិនបើមានជម្លោះប្រដាប់អាវុធជាមួយកម្ពុជា កើតឡើងជុំទី៣ នោះឡាវនឹងត្រូវស្ថិតក្នុងស្ថានភាពអព្យាក្រិត ឬអាចងាកទៅគាំទ្រថៃ ដើម្បីធ្វើឱ្យកម្ពុជាកាន់តែឯកោ។ ជុំវិញរឿងរ៉ាវនេះ អ្នកវិភាគក្នុងតំបន់យល់ឃើញថា ថៃកំពុងប្រើយុទ្ធសាស្ត្រ «ឆ្មាខ្មៅបបួលឆ្មា-ស ចាប់កណ្តុរក្នុងរន្ធពស់» ព្រោះយោធាថៃ បានដឹងយ៉ាងច្បាស់អំពីទំនាក់ទំនងរវាងមេដឹកនាំកម្ពុជា ឡាវ និងវៀតណាម ថាមានចំណងមិត្តភាពរឹងមាំជាមួយគ្នាកម្រិតណា? ដូច្នេះ ព្រះរាជដំណើរទស្សនកិច្ចនេះ វាគ្រាន់តែជាឈ្នាន់នយោបាយការទូតប៉ុណ្ណោះ។

មុនពេលបើកការឈ្លានពានកម្ពុជាជុំទី២ ព្រះមហាក្សត្រថៃ ក៏បានធ្វើដំណើរទស្សនកិច្ចយាងទៅកាន់រដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ ដោយដំណើរទស្សនកិច្ចនោះ បានបង្កប់នូវអាថ៌កម្បាំងជាច្រើនដែលពលរដ្ឋខ្មែរសង្ស័យថា ជាការស្នើសុំឱ្យចិននៅកណ្តាល ករណីជម្លោះព្រំដែនផ្ទុះឡើង ដែលនេះស្តែងឱ្យឃើញថា ល្បែងការទូតថៃ ពិតជាមានប្រសិទ្ធភាព និងបង្កប់ដោយល្បិចកិច្ចកល។ ថៃដឹងយ៉ាងច្បាស់ថា ចិនគឺជាខ្នងបង្អែកសេដ្ឋកិច្ច និងយោធាដ៏ធំរបស់កម្ពុជា ដូច្នេះ ការណ៍ដែលព្រះមហាក្សត្រថៃ យាងទៅចិន មុនពេលបើកការឈ្លានពានកម្ពុជា គឺជាការត្រួសត្រាយផ្លូវ ដើម្បីកុំឱ្យចិនលូកដៃចូលជួយកម្ពុជា នៅពេលយោធាថៃបើកការវាយប្រហារ និងឈ្លានពាន។ ស្កេមអនឡាញ ជាបញ្ហាចម្បងដែលថៃលាភពណ៌កម្ពុជា ហើយយកលេសបង្ក្រាប ដើម្បីបង្កាច់បង្ខូច និងកាត់ផ្ដាច់ជំនួយគាំទ្រពីខាងក្រៅ ដែលសកម្មភាពទាំងនេះ ជាមេរៀនមួយបង្រៀនដល់មេដឹកនាំកម្ពុជា អំពីក្បួនយុទ្ធសាស្ត្រការទូតអន្តរជាតិរបស់ថៃ មុនពេលពួកគេប្រើប្រាស់យោធាឈ្លានពានទឹកដីរបស់យើង។

គួរបញ្ជាក់ផងដែរថា ក្នុងដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រថៃ ទៅកាន់ប្រទេសឡាវ និងត្រៀមយាងទៅកាន់ប្រទេសស៊ុយអែតនាពេលខាងមុខឆាប់ៗនេះ គឺជាដំណើរទស្សនកិច្ចមួយដែលមិនអាចមើលរំលងបានឡើយ ខណៈកាលពីដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជាទៅប្រទេសបារាំង ថៃស្ទើរតែមួយនគរអង្គុយចំហមាត់រង់ចាំដំណឹងលទ្ធផលនៃជំនួប ព្រោះពួកគេចង់ដឹងថា កម្ពុជាយករឿងអ្វីខ្លះទៅប្រាប់បារាំង ហើយបានទទួលជំនួយអ្វីខ្លះពីបារាំងត្រឡប់មកវិញ។ ដូច្នេះ ការត្រៀមយាងចេញទៅស៊ុយអែតលើកនេះ ក៏អាចជាសញ្ញាគ្រោះថ្នាក់មួយសម្រាប់កម្ពុជាផងដែរ ព្រោះយើងមិនដឹងថា ស្តេចថៃ កំពុងរៀបចំល្បែងនយោបាយអ្វីខ្លះ មុនយុទ្ធនាការឈ្លានពានកម្ពុជា ជុំទី៣ ខណៈបញ្ហាជម្លោះដែនសមុទ្ទហាក់ផ្ទុះឡើងគួរឱ្យចាប់អារម្មណ៍បំផុត ដែលអ្នកនយោបាយថៃកំពុងបំពងសំឡេង ជុំវិញការលុបចោល MoU ៤៤ ជាមួយកម្ពុជាដោយឯកតោភាគី។ តើកម្ពុជាត្រៀមខ្លួនរួចរាល់ហើយឬនៅ ទាំងប្រព័ន្ធផ្លូវច្បាប់អន្តរជាតិ និងកម្លាំងយោធាការពារជាតិ ករណីមានសង្គ្រាមជុំទី៣ផ្ទុះឡើងពិតប្រាកដមែន?...៕




