
កូឡុំប៊ី៖ ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកយ៉ាងសាហាវនៅលើដងផ្លូវហាយវ៉េ ក្នុងតំបន់ Cauca (កាវកា) ភាគនិរតីនៃប្រទេសកូឡុំប៊ី បានកើនឡើងដល់២០នាក់ហើយ ក្នុងនោះ មានស្ត្រី១៥នាក់។ នេះបើយោងតាមការបញ្ជាក់របស់អភិបាលតំបន់កាវកា។

ក្រៅពីអ្នកបាត់បង់ជីវិត មនុស្ស៣៦នាក់ផ្សេងទៀតបានរងរបួស ដោយក្នុងនោះមានជនរងគ្រោះ៣នាក់ កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ និងកុមារ៥នាក់ បានរួចផុតពីគ្រោះថ្នាក់ដល់ជីវិត។ ហេតុការណ៍បំផ្ទុះនេះ បានកើតឡើងនៅជិតផ្លូវរូងក្រោមដីនៃដងផ្លូវហាយវ៉េ Pan-American (ផេន-អាមើរិខេន) ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់។ គេចាត់ទុក ការបំផ្ទុះគ្រាប់បែកនេះ ថាជាការវាយប្រហារដ៏សាហាវបំផុតមួយក្នុងប្រវត្តិសាស្ត្រកូឡុំប៊ី ចាប់តាំងពីការបំផ្ទុះគ្រាប់បែកនៅក្លឹបកម្សាន្តក្នុងទីក្រុងបូហ្គោតា កាលពីឆ្នាំ២០០៣ ដោយក្រុម FARC (ហ្វាក) ដែលកាលនោះបានសម្លាប់មនុស្ស៣៦នាក់។

ប្រធានាធិបតីកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ភេត្រូ (Gustavo Petro) បានទម្លាក់កំហុសដោយផ្ទាល់ទៅលើក្រុមភេរវករជួញដូរគ្រឿងញៀន ដែលដឹកនាំដោយលោក ណេស្តរ វ៉េរ៉ា (Nestor Vera) ឬហៅក្រៅថា អ៊ីវ៉ាន ម៉រឌីស្កូ (Ivan Mordisco)។ Mordisco គឺជាអតីតសមាជិកជាន់ខ្ពស់នៃក្រុមឧទ្ទាម FARC ដែលបានបដិសេធមិនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៦។ ការវាយប្រហារនេះ បានកើតឡើងត្រឹមតែជាងមួយខែប៉ុណ្ណោះ មុនពេលការបោះឆ្នោតជាតិ នៅថ្ងៃទី៣១ ខែឧសភា មកដល់ ដើម្បីជ្រើសរើសប្រធានាធិបតិបតីថ្មី។ បញ្ហាសន្តិសុខ បានក្លាយជាប្រធានបទក្ដៅបំផុតនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជាពិសេសបន្ទាប់ពីមានការធ្វើឃាតបេក្ខជនប្រធានាធិបតីវ័យក្មេង លោក មីកេល អ៊ូរីបេ ធឺបាយ (Miguel Uribe Turbay) កាលពីឆ្នាំ២០២៥។

អ្នកភូមិរាប់រយនាក់ដែលស្លៀកពាក់ពណ៌ស បានជួបជុំគ្នាធ្វើពិធីបួងសួង និងកាន់ទុក្ខដល់ជនរងគ្រោះ ដោយមានការគ្រវីទង់ជាតិ និងប៉េងប៉ោងពណ៌ស ដើម្បីជានិមិត្តរូបនៃសន្តិភាព។ សាច់ញាតិជនរងគ្រោះបានអំពាវនាវយ៉ាងទទូចតាមរយៈសារព័ត៌មានថា «សូមបញ្ឈប់ការសម្លាប់ និងអំពើហិង្សាតទៅទៀត» ខណៈដែលប្រទេសជាតិទាំងមូលកំពុងធ្លាក់ក្នុងក្ដីបារម្ភចំពោះស្ថិរភាពសន្តិសុខ មុនថ្ងៃបោះឆ្នោតប្រធានាធិបតីមកដល់៕



