
រដ្ឋធានីបូហ្គោតា៖ អ្នកស្លាប់ក្នុងសោកនាដកម្មធ្លាក់យន្តហោះយោធា Hercules C-130 របស់កូឡុំប៊ី បានកើនឡើងដល់៦៦នាក់ ខណៈក្រុមជួយសង្គ្រោះកំពុងបន្តស្វែងរកមនុស្ស៤នាក់ទៀតដែលកំពុងបាត់ខ្លួន។

យន្តហោះ បានដឹកមនុស្សសរុប១២៨នាក់ ក្នុងនោះមានមន្ត្រីកងទ័ពអាកាស១១នាក់, យោធិនកងទ័ពជើងគោក១១៥នាក់ និងមន្ត្រីនគរបាលជាតិ២នាក់។ ជាអកុសល យន្តហោះនេះ បានធ្លាក់ភ្លាមៗក្រោយពេលហោះឡើងបានបន្តិច នៅតំបន់ព្រៃអាម៉ាហ្សូនភាគខាងត្បូងប្រទេសកូឡុំប៊ី។ ក្រៅពីនេះ មានមនុស្ស៥៧នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយក្នុងនោះ ៣០នាក់ស្ថិតក្នុងស្ថានភាពមិនសូវធ្ងន់ធ្ងរប៉ុន្មានឡើយ។ អ្នកភូមិក្នុងតំបន់ដាច់ស្រយាលនោះ គឺជាអ្នកដំបូងគេដែលបានទៅដល់កន្លែងកើតហេតុ និងបានប្រើប្រាស់ម៉ូតូដើម្បីដឹកទាហានដែលរងរបួសទៅសង្គ្រោះ មុនពេលរថយន្តយោធាអាចធ្វើដំណើរចូលទៅដល់ ដោយសារផ្លូវធ្វើដំណើរលំបាកខ្លាំង។

យោងតាមការបញ្ជាក់ពីភ្នាក់ងារពន្លត់អគ្គិភ័យ យន្តហោះបានបោកទង្គិចនៅចុងផ្លូវរត់ ខណៈពេលកំពុងហោះឡើង។ ស្លាបយន្តហោះបានទៅទាក់នឹងដើមឈើ បណ្ដាលឱ្យយន្តហោះធ្លាក់ចុះ បោកផ្ទប់នឹងដី និងឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយគ្រាប់កាំភ្លើង ឬយុទ្ធោបករណ៍ដែលយន្តហោះយោធាដឹកនោះក៏បានផ្ទុះលាន់ខ្ទរខ្ទារ។ សូមជម្រាបថា យន្តហោះដែលធ្លាក់នេះ គឺជាយន្តហោះជជុះដែលសហរដ្ឋអាម៉េរិកបានផ្ដល់ឱ្យកូឡុំប៊ី ក្នុងចំណោមយន្តហោះ ៣គ្រឿងកាលពីប៉ុន្មានឆ្នាំមុន៕





