មេដឹកនាំអាម៉េរិក និងកូឡុំប៊ី ប្តូរពីគគ្រឺតធ្មេញដាក់គ្នា មកចាប់ដៃសើចសប្បាយឡើងរអឹក
ហៀប ស៊ីថេត
17 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ជំនួបនៅការិយាល័យពងក្រពើ អូវ៉ល (Oval) កាលពីថ្ងៃទី៣ ខែកុម្ភៈ រវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ផេដ្រូ (Mr. Gustavo Petro) បានបង្ហាញពីសញ្ញាវិជ្ជមានដែលមិនធ្លាប់មានពីមុនមក បន្ទាប់ពីចៅហ្វាយសេតវិមានបានពណ៌នាកិច្ចពិភាក្សាថា«ជំនួបនេះល្អណាស់» ខណៈមេដឹកនាំទាំង២កំពុងពិភាក្សាគ្នាលើវិធានការដាក់ទណ្ឌកម្ម និងបញ្ហាតំបន់សំខាន់ៗផ្សេងៗ។

លោក ហ្កាស្តាវ៉ូ ផេដ្រូ(ឆ្វេង) និងលោក ដូណាល់ ត្រាំ
លោក ហ្កាស្តាវ៉ូ ផេដ្រូ(ឆ្វេង) និងលោក ដូណាល់ ត្រាំ

ទោះបីជាធ្លាប់មានការប៉ះទង្គិចពាក្យសម្តីគ្នាយ៉ាងខ្លាំងក្លានាពេលកន្លងមក ពាក់ព័ន្ធនឹងការចោទប្រកាន់លើរំហូរគ្រឿងញៀន និងការរិះគន់គោលនយោបាយការបរទេសក៏ដោយ ក៏ជំនួបចុងក្រោយនេះ ហាក់ដូចជាស្និទ្ធិស្នាលខ្លាំងខុសធម្មតា ពោលគឺដូចទឹកនិងត្រី។ ជុំវិញជំនួបជាមួយមេដឹកនាំកូឡុំប៊ី លោក ត្រាំ ចាត់ទុកថា កិច្ចពិភាក្សានេះគឺល្អណាស់។ ជាក់ស្តែង លោក ហ្គូស្តាវ៉ូ ផេដ្រូ បានប្រាប់ស្ថានីយវិទ្យុក្នុងស្រុកមួយ កាលពីថ្ងៃទី៣ ខែកុម្ភៈ ថា លោក និងសមភាគីសហរដ្ឋអាម៉េរិក បានពិភាក្សាគ្នាអំពីលទ្ធភាពនៃការនាំចេញឧស្ម័នវេណេហ្ស៊ុយអេឡាតាមរយៈប្រទេសកូឡុំប៊ី ការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងពាណិជ្ជកម្មខុសច្បាប់ជាដើម។

គេនៅចាំបានថា មេដឹកនាំអាម៉េរិក និងកូឡុំប៊ី បានប៉ះទង្គិចគ្នាខ្លាំង ក្រោយមេដឹកនាំអាម៉េរិកបានចោទប្រកាន់រដ្ឋបាលរបស់លោក ផេដ្រូ ម្ដងហើយម្ដងទៀត ជុំវិញការបើកដៃឱ្យមានរំហូរកូកាអ៊ីន ចូលទៅក្នុងសហរដ្ឋអាម៉េរិក រហូតដល់មានការគំរាមកំហែងដល់សកម្មភាពយោធាប្រឆាំងនឹងប្រទេសអាម៉េរិកខាងត្បូងនេះថែមទៀតផង។ គួរបញ្ជាក់ថា ការត្រូវរ៉ូវគ្នានេះ ទំនងជាមិនមែនកើតឡើងដោយសារមនោសញ្ចេតនាទេ ប៉ុន្តែដោយសារតម្រូវការទៅវិញទៅមក ដោយលោក ត្រាំ ត្រូវការដៃគូបិទច្រកនៃរំហូរគ្រឿងញៀន និងចំណាកស្រុក ចំណែកកូឡុំប៊ីត្រូវការដង្ហើមសេដ្ឋកិច្ច៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត