៣៤នាក់ស្លា.ប់ ២១នាក់បាត់ខ្លួន និងរាប់សិបនាក់រងរបួ.ស ក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធាកូឡុំប៊ី
ហៀប ស៊ីថេត
9 ម៉ោងមុន

រដ្ឋធានីបូហ្គោតា៖ អាជ្ញាធរកូឡុំប៊ី បានឱ្យដឹង នៅថ្ងៃទី២៤ ខែមីនានេះ ថា មនុស្សយ៉ាងហោចណាស់៣៤នាក់បានបាត់បង់ជីវិត នៅពេលយន្តហោះយោធាអាកាសកូឡុំប៊ីមួយគ្រឿង ដែលដឹកមនុស្ស១២៥នាក់ បានធ្លាក់ភ្លាមៗក្រោយពេលហោះឡើងបានបន្តិច នៅតំបន់ព្រៃអាម៉ាហ្សូនភាគខាងត្បូងប្រទេស។

ហេតុការណ៍នេះ គឺជាគ្រោះថ្នាក់ដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រថ្មីៗរបស់កងទ័ពអាកាសកូឡុំប៊ី ដោយមានមនុស្ស២១នាក់ទៀតកំពុងបាត់ខ្លួននៅក្នុងគំនរបាក់បែកដែលកំពុងឆេះខ្លោច ខណៈជីវិតសង្ឃឹមរស់ប្រៀបដូចសុរិយាអស្តង្គត។ វីដេអូពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញថា បំណែកយន្តហោះនៅតែបន្តឆេះយ៉ាងសន្ធោសន្ធៅ ខណៈក្រុមអ្នកជួយសង្គ្រោះព្យាយាមស្វែងរកអ្នករស់រានមានជីវិត។ លោក ល្វីស អេមីលីយ៉ូ ប៊ូស្តូស (Luis Emilio Bustos) អភិបាលក្រុង ពើតូ ឡេហ្គីសាម៉ូ (Puerto Leguizamo) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា៖«ជាអកុសល ព័ត៌មានដែលយើងទទួលបានគឺមានមនុស្សស្លាប់៣៤នាក់ ហើយមានមនុស្ស៧០នាក់បានរងរបួស និង២១នាក់កំពុងបាត់ខ្លួន។ យ៉ាងណា តួលេខនេះ អាចនឹងមានការប្រែប្រួល»។

 លោក ល្វីស អេមីលីយ៉ូ ប៊ូស្តូស
 លោក ល្វីស អេមីលីយ៉ូ ប៊ូស្តូស

នាយករដ្ឋមន្រ្តីកូឡុំប៊ី លោក ផេដ្រូ សាន់ឆេស (Pedro Sanchez) បានអះអាងថា យន្តហោះភស្តុភាប្រភេទ Hercules C-130 (ហឺឃ្យូលី ស៊ី-១៣០) ផលិតដោយក្រុមហ៊ុន Lockheed Martin (ឡក់ហ៊ីត ម៉ាធីន) បានធ្លាក់បោកផ្ទប់នឹងផ្ទៃដីនៅចម្ងាយត្រឹមតែ១គីឡូម៉ែត្រកន្លះ ពីកន្លែងហោះឡើង។ លោកបន្ថែមថា គ្រាប់កាំភ្លើងដែលដឹកតាមយន្តហោះនោះបានផ្ទុះឡើង បន្ទាប់ពីមានអគ្គិភ័យឆាបឆេះ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា មិនមានសញ្ញានៃការវាយប្រហារពីសំណាក់ក្រុមខុសច្បាប់ណាមួយឡើយ ហើយយន្តហោះ គឺស្ថិតក្នុងស្ថានភាពបច្ចេកទេសល្អ និងក្រុមអ្នកបើក ឬពីឡុត សុទ្ធតែមានសមត្ថភាពមុនពេលចេញដំណើរ។ លើសពីនេះ លោកបានរិះគន់លើឧបសគ្គផ្នែករដ្ឋបាលដែលធ្វើឱ្យយឺតយ៉ាវដល់ផែនការធ្វើទំនើបកម្មយោធារបស់លោក ដោយលោកអះអាងថា៖«ខ្ញុំនឹងមិនអនុញ្ញាតឱ្យមានការយឺតយ៉ាវតទៅទៀតទេ ព្រោះវាជាជីវិតរបស់យុវជនយើង។ ប្រសិនបើមន្ត្រីរដ្ឋបាលស៊ីវិល ឬយោធាមិនអាចបំពេញភារកិច្ចនេះបាន ពួកគេត្រូវតែដកចេញពីតំណែង»។

លោក ផេដ្រូ សាន់ឆេស
លោក ផេដ្រូ សាន់ឆេស

យន្តហោះ Hercules C-130 ត្រូវបានប្រើប្រាស់យ៉ាងខ្លាំងក្នុងកិច្ចប្រតិបត្តិការយោធាជិត៦០ឆ្នាំមកហើយ។ យន្តហោះដែលធ្លាក់នេះ គឺជាយន្តហោះទី១ ក្នុងចំណោមយន្តហោះ៣គ្រឿង ដែលអាម៉េរិកបានប្រគល់ឱ្យកូឡុំប៊ីក្នុងឆ្នាំ២០២០។ គួរបញ្ជាក់ផងដែរថា កាលពីចុងខែកុម្ភៈកន្លងទៅ យន្តហោះ Hercules C-130 មួយគ្រឿងរបស់កងទ័ពអាកាសបូលីវី ក៏បានធ្លាក់នៅក្នុងទីក្រុងអែលអាល់តូ (El Alto) ប្រទេសបូលីវី បណ្ដាលឱ្យមនុស្សជាង២០នាក់ស្លាប់ផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត