ថៃរំលោភច្បាប់អន្តរជាតិទាំងកំរោល ដោយហែក MoU 44 ចោលជាឯកតោភាគី ស្តែងឱ្យឃើញពីមហិច្ឆតាចង់លេបត្របាក់ដែនសមុទ្ទកម្ពុជា
ហៀប ស៊ីថេត
12 ម៉ោងមុន

រាជធានីបាងកក៖ ក្រុមប្រឹក្សាសន្តិសុខជាតិថៃ បានប្រកាសលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (ឬ MoU 44) ជាឯកតោភាគី ហើយប្តូរទៅប្រើក្របខណ្ឌច្បាប់សមុទ្ទ UNCLOS វិញ ខណៈសកម្មភាពដ៏គឃ្លើននេះ មិនត្រឹមតែជាការបំផ្លាញកិច្ចព្រមព្រៀងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីផ្នត់គំនិតអាត្មានិយម ដែលថៃកំពុងប្រើដើម្បីដាក់សម្ពាធ និងចេតនាចង់ត្របាក់លេបដែនសមុទ្ទកម្ពុជា យ៉ាងកំរោលផងដែរ។  

រូបភាព៖ The Nation
រូបភាព៖ The Nation

រាជរដ្ឋាភិបាលថៃបានប្រកាសពីការលុបចោល MoU 44 តាមអំពើចិត្ត ដោយគ្មានសួរកម្ពុជាមួយម៉ាត់។ ភាគីថៃ ក៏បានប្រកាសថា នឹងយកបញ្ហានេះដាក់ជូនគណៈរដ្ឋមន្ត្រីដើម្បីសុំការអនុម័តចុងក្រោយ ខណៈប្រទេសមួយនេះ កំពុងផ្លាស់ប្ដូរវិធីសាស្ដ្រ ងាកទៅប្រើក្របខណ្ឌនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្ទ (ឬ UNCLOS) សម្រាប់ការចរចានៅពេលអនាគតជំនួសវិញ។ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរគុល បានថ្លែងបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ (ឬ NSC) ថា NSC បានអនុម័តការលុបចោល MoU 44 ដែលជាការបញ្ចប់នីតិវិធីរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ។ ជំហានបន្ទាប់ គឺក្រសួងការបរទេស នឹងដាក់បញ្ហានេះទៅកាន់គណៈរដ្ឋមន្ត្រី។ ទោះបីជាលោកមិនប្រាកដថា ដំណើរការនេះនឹងចំណាយពេលយូរប៉ុណ្ណាក៏ដោយ ប៉ុន្តែលោកថា វានឹងត្រូវធ្វើឡើងឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។ លើសពីនេះ លោកសង្កត់ធ្ងន់ថា MoU 44 គួរតែត្រូវលុបចោលភ្លាមៗ ដោយមិនចាំបាច់មានការពិនិត្យឡើងវិញ ឬពិគ្រោះយោបល់ជាមួយកម្ពុជានោះទេ។

លោក អនុទីន ឆានវីរគុល, រូបភាព៖ The Nation
លោក អនុទីន ឆានវីរគុល, រូបភាព៖ The Nation

មែនទែនទៅ ការដែលលោក អនុទីន ហ៊ានប្រកាសក្តែងៗថា ថៃអាចលុបចោល MoU 44 បានភ្លាមៗ ដោយមិនចាំបាច់ពិគ្រោះយោបល់ជាមួយភាគីកម្ពុជា គឺជាការបង្ហាញពីចរិតនយោបាយកោងកាច អាត្មានិយម និងមិនគោរពក្រមសីលធម៌អន្តរជាតិ។ កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខាដោយទ្វេភាគី មិនមែនជាក្រដាស-ស ដែលភាគីម្ខាងទៀតអាចហែកចោលតាមចិត្តចង់នោះឡើយ។ នេះស្តែងឱ្យឃើញថា ថៃកំពុងរំលោភកិច្ចព្រមព្រៀងអន្តរជាតិ និងដើរខ្សែលើកម្ពុជាយ៉ាងច្បាស់ក្រឡែត។ លើសពីនេះ ការដែលថៃងាកទៅប្រើក្របខណ្ឌច្បាប់សមុទ្ទ UNCLOS វិញ គ្រាន់តែជាល្បិចកលនយោបាយថ្មីមួយ ដើម្បីបង្វែរដាន និងបំភ័ន្តភ្នែកសហគមន៍អន្តរជាតិតែប៉ុណ្ណោះ។

រូបភាព៖ The Nation
រូបភាព៖ The Nation

យ៉ាងណា ថៃហាក់ដូចជាភ្លេចខ្លួនថា កម្ពុជានាពេលបច្ចុប្បន្នមិនមែនជាកម្ពុជាពីអតីតកាលឡើយ។ រាល់ការប៉ុនប៉ងរំលោភបំពានអធិបតេយ្យភាព និងលុបចោល MoU តាមអំពើចិត្ត ក្នុងបំណងលេបត្របាក់ដែនទឹក និងធនធានប្រេងកាតរបស់កម្ពុជា នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់អន្តរជាតិ ហើយកម្ពុជានឹងរក្សាសិទ្ធិគ្រប់យ៉ាងក្នុងការការពារផលប្រយោជន៍ជាតិ ចំពោះទង្វើគឃ្លើន និងអយុត្តិធម៌របស់ភាគីថៃ ដែលបានធ្វើនាពេលនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត