
រាជធានីភ្នំពេញ៖ ស្រមោលនៃទំនាក់ទំនងព្រំដែនរវាងកម្ពុជា-ថៃ ដ៏តានតឹង កាសែតអន្តរជាតិរបស់ប្រទេសចិនដ៏ល្បីមួយ មានឈ្មោះថា South China Morning Post បានចុះផ្សាយអត្ថបទមួយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ អំពីរូបភាពដ៏គួរឱ្យភ្ញាក់ផ្អើល ដែលបង្ហាញពីស្មារតីជាតិនិយមដ៏ខ្លាំងក្លារបស់អ្នកស្នេហាជាតិកម្ពុជា ចំពោះការពហិការទំនិញរបស់ថៃ...។

យោងតាមរបាយការណ៍របស់កាសែត South China Morning Post សាធារណជនកម្ពុជា កំពុងរួម«បេះដូងគ្នាតែមួយ» ក្នុងការបន្តធ្វើពហិការមិនប្រើប្រាស់ទំនិញ និងសេវាកម្មរបស់អាជីវកម្មថៃ។ ទោះបីជាបច្ចុប្បន្ន កម្ពុជារងសម្ពាធពីវិបត្តិប្រេងឥន្ធនៈ និងកង្វះផលិតផលប្រើប្រាស់មួយចំនួនយ៉ាងណាក៏ដោយ ប៉ុន្តែកូនខ្មែរនៅតែបង្ហាញជំហរយ៉ាងរឹងមាំ និងមានភាពច្បាស់លាស់ថា «មនសិកាជាតិ គឺសំខាន់ជាងការប្រើប្រាស់ទំនិញរបស់ប្រទេសឈ្លានពាន»។

កាសែតខាងលើបានបង្ហាញពីតម្រុយនៃភាពបរាជ័យរបស់ភាគីថៃ ដែលព្យាយាមនាំទំនិញចូលមកកម្ពុជា។ ជាក់ស្តែង កាសែតនោះ បានបង្ហាញពីការរកឃើញថង់នៃកញ្ចប់សាច់មាន់រលួយជាច្រើនរសាត់ទៅទើលើច្រាំងសមុទ្ទ ខេត្តត្រាច ដែលត្រូវបានគេសង្ស័យថា ជាការប៉ុនប៉ងរត់ពន្ធចូលមកប្រទេសកម្ពុជា ប៉ុន្តែត្រូវមនសិកាជាតិរបស់ខ្មែរ ពហិការរារាំងទំនិញទាំងនោះ។ តាមរយៈព័ត៌មាននេះ បានបង្ហាញយ៉ាងច្បាស់ថា «អាវុធដ៏ខ្លាំងបំផុតរបស់កម្ពុជា មិនមែនត្រឹមតែយោធាមួយមុខប៉ុណ្ណោះទេ ទឹកចិត្តស្នេហាជាតិ ដោយរួបរួមសាមគ្គីគ្នាជាធ្លុងមួយរបស់ពលរដ្ឋខ្មែរ ទើបជាអាវុធដ៏ខ្លាំងក្លាបំផុត!»៕




