
រាជធានីបាងកក៖ ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ កងទ័ពអាកាសភូមិន្ទថៃ (ឬ RTAF) ត្រូវបានគេចាត់ទុកថា ជាកម្លាំងទ័ពអាកាសដ៏ខ្លាំងក្លាបំផុតមួយ។ ទន្ទឹមនឹងរបាយការណ៍ថ្មីមួយ បានបង្ហាញពីយន្តហោះចម្បាំងថៃជាច្រើនប្រភេទ និងមានប្រភពចម្រុះ ដោយថៃមិនពឹងផ្អែកលើមហាអំណាចយោធាតែមួយនោះទេ ប៉ុន្តែបានប្រមូលផ្ដុំនូវបច្ចេកវិទ្យាកំពូលៗពីជុំវិញពិភពលោក។ គួរស្ដាយ..ថៃបានប្រើប្រាស់យន្តហោះចម្បាំងទាំងនោះមកឈ្លានពានកម្ពុជាយ៉ាងសាហាវឃោរឃៅ ដោយការទម្លាក់គ្រាប់បែកកម្ទេចសំណង់ប្រាសាទបុរាណខ្មែរ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ភូមិឋាន និងផ្ទះសម្បែងប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា យ៉ាងយង់ឃ្នងបំផុត...។

ពាក្យអ្នកចម្បាំងតែងផ្តាំអ្នកជំនាន់ក្រោយថា បើចង់ឈ្នះសត្រូវត្រូវស្គាល់ដៃគូឱ្យច្បាស់។ ថ្ងៃនេះ SBM News នឹងបង្ហាញយន្តហោះចម្បាំងខ្លាំងៗរបស់ថៃមួយចំនួន ដើម្បីជូនជនរួមជាតិបានដឹង និងត្រៀមលក្ខណៈសម្បត្តិយ៉ាងណា ដើម្បីទប់ទល់ជាមួយចោរខ្មាំងពីការឈ្លានពាន បើករណីសង្គ្រាមជុំទី៣ផ្ទុះឡើងមែននោះ។ តើថៃមានយន្តហោះចម្បាំងទំនើបៗប្រភេទអ្វីខ្លះទៅ..? ដំបូងគេ យន្តហោះចម្បាំង Saab JAS 39 Gripen ផលិតនៅប្រទេសស៊ុយអែត។ វាគឺជាយន្តហោះទំនើបបំផុតរបស់ថៃ ដែលមានរហ័ស្សនាមថា ស្តេចបក្សីគ្រីហ្វីន ដោយសត្វនេះ មានខ្លួនជារាជសីហ៍, ក្បាល និងស្លាប ជាឥន្ទ្រី។ វាជាយន្តហោះពហុមុខងារ អាចប្តូរតួនាទីពីការវាយប្រហារលើអាកាស មកវាយប្រហារគោលដៅលើដី ឬឈ្លបយកការណ៍បានភ្លាមៗ ក្នុងពេលតែមួយ។ វាបំពាក់ដោយប្រព័ន្ធរ៉ាដាចាប់គោលដៅបានឆ្ងាយ និងប្រើប្រាស់ប្រព័ន្ធបណ្តាញព័ត៌មាន ដើម្បីបញ្ជាការវាយប្រហារចំគោលដៅច្បាស់លាស់។

បន្ទាប់មកគឺ ស្តេចឥន្ទ្រីចម្បាំង F-16 Fighting Falcon ផលិតនៅសហរដ្ឋអាម៉េរិក។ វាជាយន្តហោះចម្បាំងដែលឆ្លងកាត់សមរភូមិសង្គ្រាមច្រើនជាងគេបំផុតក្នុងលោក ខណៈទ័ពអាកាសថៃ បានប្រើប្រាស់វាជាកម្លាំងវាយប្រហារតាមអាកាសអស់ជាច្រើនទសវត្សរ៍មកហើយ និងបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ប៉ុន្តែក៏មានលេចដំណឹងមកថា ស្តេចឥន្ទ្រីចម្បាំង F-16 Fighting Falcon វាក៏ជិតដល់ថ្ងៃចូលនិវត្តន៍ហើយ ទើបយោធាថៃ ព្យាយាមស្នើសុំទិញ F-35 បន្ថែមពីសហរដ្ឋអាម៉េរិក។ ក្រៅពីយន្តហោះវាយប្រហារធុនធ្ងន់ខាងលើ កងទ័ពអាកាសថៃ ក៏នៅមានយន្តហោះវាយប្រហារធុនស្រាលផងដែរ។ វាមានរហស្សនាមថា ឥន្រ្ទីមាស FA-50TH ផលិតនៅប្រទេសកូរ៉េខាងត្បូង វាគឺជាយន្តហោះចម្បាំង ដែលកំពុងពេញនិយមខ្លាំងក្នុងជួរទ័ពអាកាសថៃ។ វាមានតួនាទីធំៗ២ គឺប្រើប្រាស់សម្រាប់ហ្វឹកហ្វឺនកម្រិតខ្ពស់ និងហោះទៅច្បាំងបានភ្លាមៗផងដែរ ករណីម្ចាស់របស់វាត្រូវការប្រើ។ វាមានល្បឿនលឿនជាងសំឡេងរហូតដល់ទៅ១,៥ដងឯនោះ។

លើសពីនេះ កងទ័ពអាកាសថៃ ក៏នៅមានស្តេចចចកចម្បាំងលើអាកាស Alpha Jet ផងដែរ ដែលជាផលិតផលរបស់ប្រទេសអាល្លឺម៉ង់។ វាត្រូវបានគេប្រើសម្រាប់វាយប្រហារគាំទ្រទ័ពថ្មើរជើង ព្រោះវាអាចហោះបានទាបៗ ដើម្បីទម្លាក់គ្រាប់បែក ឬបាញ់មីស៊ីលទៅកម្ទេចលើគោលដៅតូចៗ នៅតាមព្រៃភ្នំ។ មិនត្រឹមតែប៉ុណ្ណោះ ថៃក៏មានយន្តហោះចម្បាំង AT-6 Wolverine ផលិតនៅសហរដ្ឋអាម៉េរិកមួយប្រភេទទៀតផងដែរ។ យន្តហោះកង្ហារក្បាលឆ្លាមមួយប្រភេទនេះ ទំនើបបំផុត ជាមួយនឹងការបំពាក់បច្ចេកវិទ្យាខ្ពស់។ ជាទូទៅ គេប្រើវាសម្រាប់បេសកកម្មប្រឆាំងក្រុមឧទ្ទាម និងឈ្លបវាយប្រហារទ័ពព្រៃ។ រីឯចុងក្រោយ គឺ ឥន្ទ្រីវ័យជ្រេ F-5 THF ដែលជាយន្តហោះចម្បាំងគួរឱ្យចាប់អារម្មណ៍ ក្នុងជួរទ័ពអាកាសភូមិន្ទថៃ។ វាត្រូវបានបំពាក់នូវរ៉ាដាប្រភេទ Grifo-F ដែលមានសមត្ថភាពខ្លាំង អាចកម្ទេចគោលដៅបានឆ្ងាយ ទាំងគោលដៅលើអាកាស លើផ្ទៃទឹក និងនៅលើដីគោក។

ថ្វីបើកងទ័ពអាកាសភូមិន្ទថៃ មានសព្វាវុធទំនើបៗ និងយន្តហោះចម្បាំងធុនធ្ងន់ៗក៏ដោយ ប៉ុន្តែវាជារឿងដ៏គួរឱ្យសោកស្ដាយ និងអាម៉ាសបំផុត ដែលថៃយកយន្តហោះចម្បាំងទំនើបៗទាំងនេះ មកឈ្លានពានប្រទេសក្បែរខាងដែលមានភាពទន់ខ្សោយជាងខ្លួន។ ជាក់ស្តែង កន្លងទៅថ្មីៗ ថៃបានយកបក្សីចម្បាំងកំណាចៗទាំងនេះ មកខ្ជាក់ទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញទាំងសម្បត្តិបេតិកភណ្ឌពិភពលោក និងផ្តាច់ជីវិតប្រជាជនស្លូតត្រង់កម្ពុជា យ៉ាងអាណោចអាធ័មបំផុត។ ទង្វើទាំងនោះ បានបង្ហាញយ៉ាងច្បាស់ថា ភាពទំនើបកម្មនៃយោធារបស់ថៃ គឺមិនមែនដើម្បីការពារខ្លួនទេ តែដើម្បីបំពេញមហិច្ឆតាឈ្លានពានលើប្រទេសក្បែរខាងប៉ុណ្ណោះ។ ដូច្នេះ កម្ពុជា គួរត្រូវប្រុងប្រយ័ត្នជានិច្ច ព្រោះ ថៃ នៅតែចិញ្ចឹមចិត្តរង់ចាំឱកាស ដើម្បីរំលោភបំពានឈ្លានពានបូរណភាពទឹកដីខ្មែរគ្រប់វិនាទី។ បើស្ថានការណ៍បច្ចុប្បន្ន តើកម្ពុជាត្រូវត្រៀមប្រព័ន្ធការពារដែនកាសអ្វីខ្លះ ដើម្បីបាញ់ទម្លាក់យន្តហោះចម្បាំងទាំងនោះ ហើយគួរទិញយន្តហោះចម្បាំងប្រភេទអ្វីខ្លះ ដើម្បីវាយបកទៅចោរខ្មាំងវិញ ករណីយោធាថៃបើកការវាយប្រហារមកលើកម្ពុជា ជុំទី៣?...៕






