
រាជធានីភ្នំពេញ៖ សិង្ហបុរី តាមរយៈមន្ត្រីទូតកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានប្រកាសគាំទ្រច្បាប់ថ្មីរបស់កម្ពុជា ស្តីពីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ(Scam Online) និងចាត់ទុកថា វាជាការបង្ហាញពីការតាំងចិត្ត និងយុទ្ធសាស្ត្រច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា...។

សារព័ត៌មាន AKP រាយការណ៍ការនៅថ្ងៃទី២៨មេសានេះថា ក្នុងជំនួបផ្ទាល់មុខជាមួយ លោកទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឆៃ ស៊ីណារិទ្ធ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) លោក ស្ទេវិន ប៉ាង ឈី វី (Steven Pang Chee Wee) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បានថ្លែងកោតសរសើរចំពោះរាជរដ្ឋាភិបាល និងសមត្ថកិច្ចកម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្ដូរយោបល់ បទពិសោធ និងគំនិតផ្តួចផ្តើមនានា ពាក់ព័ន្ធទិសដៅកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី។ ទន្ទឹមនោះ លោកទូត បានទទួលស្គាល់ថា បញ្ហាឆបោកតាមអនឡាន គឺជាបញ្ហាសកល ហើយមានភាពស្មុគ្រស្មាញ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងភាគីពាក់ព័ន្ធទាំងអស់។

ក្នុងន័យនេះ លោក ស្ទេវិន ប៉ាង ឈី វី សង្កត់ធ្ងន់ថា៖«សិង្ហបុរី ត្រៀមខ្លួនក្នុងការអនុវត្តកិច្ចសហការ និងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការកសាងសមត្ថភាពមន្ត្រី ចែករំលែកព័ត៌មាន និងបទពិសោធ ក៏ដូចជាការអនុវត្តកិច្ចការរួមមួយចំនួន»។ បន្ថែមលើនេះ លោកសម្ដែងការគាំទ្រពេញយ៉ាងទំហឹង ចំពោះការដាក់ឱ្យប្រើប្រាស់ច្បាប់ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា ដែលមានភាពឈានមុខ និងជាសក្ខីភាព បង្ហាញពីការតាំងចិត្ត និងយុទ្ធសាស្ត្រច្បាស់លាស់លើការប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់រាជរដ្ឋាភិបាល។

ជាការឆ្លើយតប លោក ឆៃ ស៊ីណារិទ្ធ លើកឡើងថា យន្តការ គ.ប.ឆ.ប និងច្បាប់ថ្មីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាយន្តការ និងលិខិតូបករណ៍សំខាន់ ដែលមានប្រសិទ្ធភាពសម្រាប់បម្រើដល់គោលដៅ ក៏ដូចជាការតាំងចិត្តយ៉ាងមុះមុតរបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋជន ទាំងមេខ្លោង អ្នកសមគំនិត និងអ្នកពាក់ព័ន្ធនានា សំដៅធ្វើយ៉ាងណាសម្អាតឱ្យដល់ឫសគល់ និងបង្ការមិនឱ្យឧក្រិដ្ឋកម្មនេះកើតឡើងវិញនៅកម្ពុជា។ ជាមួយគ្នា លោក ឆៃ ស៊ីណារិទ្ធ អះអាងពីជំហានបន្ទាប់ ក្នុងការងារបោសសម្អាត និងសារសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ព្រមទាំងភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាប និងចាត់វិធានការចំពោះបណ្តាញក្រុមឧក្រិដ្ឋជនឆបោក លាងសម្អាតប្រាក់ ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធដទៃទៀត ឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងចីរភាព៕







