
រាជធានីភ្នំពេញ៖ ប្រតិភូសង្ឃនិមន្តមកពីវត្តសៅលីងចំនួន១៦អង្គ បាននិមន្តមកដល់ទឹកដីប្រទេសកម្ពុជាហើយ ក្រោមការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅពីមន្រ្តីក្រសួងទេសចរណ៍ នៅព្រលានយន្តហោះអន្តរជាតិតេជោ…។

មន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ថា ប្រតិភូសង្ឃវត្តសៅលីងចំនួន១៦អង្គ បាននិមន្តមកដល់ទឹកដីអច្ឆរិយៈកម្ពុជា កាលពីរសៀលថ្ងៃទី២៧មេសា ដើម្បីត្រៀមចូលរួមសម្ដែងក្នុង«មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» ដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង៧:០០នាទីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប។ ព្រឹត្តិការណ៍ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នឹងនាំមកនូវការសម្ដែងរួមគ្នាដ៏អស្ចារ្យរវាងក្បាច់គុនបុរាណខ្មែរ រួមមាន៖ គុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់គុនខ្មែរ ជាមួយក្បាច់គុនចិន៖ កុងហ្វូសៅលីង (Shaolin Kung Fu) និងថៃជី (Tai Chi) ដោយរំពឹងថា នឹងមានភ្ញៀវជាតិ-អន្តរជាតិ ចូលរួមទស្សនាដោយផ្ទាល់ និងដោយសេរី ប្រមាណជាង១ពាន់នាក់។

ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធនាការ«ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» សម្រាប់ឆ្នាំ២០២៦ ផ្សព្វផ្សាយទេសចរណ៍វប្បធម៌កម្ពុជា-ចិន ព្រមទាំងផ្សព្វផ្សាយអំពីការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែន(PRC)ទាំងអស់ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឱ្យកាន់តែទូលំទូលាយដល់សាធារណជន និងប្រជាពលរដ្ឋចិន។

សូមជម្រាបថា នេះជាលើកទី២ហើយ ដែលកម្ពុជា-ចិន បានសហការគ្នារៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍វប្បធម៌ រវាងប្រទេសទាំងពីរនៅបរិវេណខាងជើងប្រាសាទបាយ័ន ខណៈលើកទី១ព្រឹត្តិការណ៍នេះធ្វើឡើងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤៕



