
រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ កម្ពុជានៅបន្តមានភ្លៀងធ្លាក់លាយទ្បំខ្យល់កន្ត្រាក់ និងផ្គររន្ទះ។ កត្តានេះ បើតាមមន្រ្តីធនធានទឹកបញ្ជាក់ ដោយសារសម្ពាធទាប ដែលកើតនៅលើសមុទ្ទចិនខាងត្បូងបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ហើយបក់មកលើសមុទ្ទកម្ពុជា និងអាងទន្លេមេគង្គ…។

មន្រ្តីធនធានទឹក អះអាងថា តំបន់មាត់សមុទ្ទ មានសីតុណ្ហភាពមធ្យមអប្បបរមា ២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៦អង្សាសេ។ មានខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ ល្បឿន២ម៉ែត្រក្នុងមួយវិនាទី។ ជាហេតុធ្វើឱ្យខេត្តកោះកុង ក្រុងព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដី១៥ភាគរយ។ រលកសមុទ្ទ មានកម្ពស់មធ្យមអប្បបរមា កន្លះម៉ែត្រ និងកម្ពស់មធ្យមអតិបរមាមួយម៉ែត្រ។

រីឯ តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៧អង្សាសេ។ ក្នុងនោះ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍ មានល្បឿន២ម៉ែត្រក្នុងមួយវិនាទី បង្កឱ្យរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ និងខេត្តកណ្តាល អាចមានភ្លៀងធ្លាក់លាយទ្បំខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដី១០ភាគរយ។

ចំណែក តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៦អង្សាសេ។ មានខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ ល្បឿន៣ម៉ែត្រក្នុងមួយវិនាទី ធ្វើឱ្យខេត្តកំពង់ស្ពឺ ប៉ៃលិន ស្ទឹងត្រែង ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ហើយមានខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី២០ភាគរយ៕




