
ក្រុងសៀមរាប៖ ជញ្ជាំងកំពែងធ្វើពីថ្មបាយក្រៀមរបស់ក្រុងអង្គរធំ នៅផ្នែកខាងត្បូង ឆៀងខាងលិចនៃខ្លោងទ្វារទន្លេអុំ កំពុងរងការខូចខាត ត្រូវបានមន្ត្រីបច្ចេកទេសកំពុងដំណើរការជួសជុលឡើងវិញ ចាប់តាំងដើមខែមេសា ឆ្នាំ២០២៦ ដោយចំណាយរយៈពេលប្រហែល៦ខែទើបអាចបញ្ចប់។ នេះបើតាមការឱ្យដឹងពី អាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី២៧មេសា..។

លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា កំពែងក្រុងអង្គរធំ ជាសំណង់បុរាណសម្រាប់ការពាររាជធានី មានប្រវែង៣គីឡូម៉ែត្រក្នុងមួយជ្រុងៗ កម្ពស់ប្រមាណ៨ម៉ែត្រ និងមានគូទឹកព័ទ្ធជុំវិញ កសាងឡើងតាំងពីចុងសតវត្សរ៍ទី១២នៃគ្រិស្តសករាជ ដោយព្រះបាទជ័យវរ្ម័នទី៧។ កំពែងនេះ តំណាងឱ្យជញ្ជាំងថ្មការពារផែនដី និងមានខ្លោងទ្វារចំនួន៥ ចូលឆ្ពោះមករាជធានី។ ជញ្ជាំងថ្មបាយក្រៀមរបស់កំពែងក្រុងអង្គរធំ ប្រវែង១៥ម៉ែត្រ បានទទួលរងការខូចខាតជាយូរមកហើយ ដោយសារអាយុកាលនៃថ្ម និងកត្តាធម្មជាតិ ដែលអាចបង្កឱ្យមានហានិភ័យមួយចំនួន ដូចជា ជញ្ជាំងថ្មបាយក្រៀមបានហែកចេញពីគ្នា និងថ្មមួយចំនួនរលុះធ្លាក់។

ចំពោះរចនាសម្ព័ន្ធស្លាបខ្លោងទ្វារទិសខាងលិច ក៏មានការខូចខាតច្រើនដែរដោយសារវាទ្រេត បាត់ផ្នែកដំបូល ហើយថ្មនៅសល់តិចតួចមានដូចជា ថ្មរូបទេពខ្លះៗ និងថ្មខឿននៃខ្លោងទ្វារ។ រីឯកាំជណ្តើរ រងបញ្ហាទឹកហូរច្រោះធ្វើឱ្យជញ្ជាំងផ្នែកខាងក្នុងហែកក្រៀកពីគ្នា ហើយបាត់ស្លាកស្នាមរូបរាងកាំជណ្តើរ និងធ្លាក់ថ្មភក់មួយចំនួនពីទីតាំងដើម បញ្ហាទាំងនេះ គឺទាមទារឱ្យមានការជួយសង្រ្គោះបន្ទាន់។ ដំណាក់កាលសំខាន់ៗនៃការជួសជុលកំពែងរបស់ក្រុងអង្គរធំ ត្រូវចាប់ផ្ដើមពីការសម្អាតបរិវេណការដ្ឋាន ដាក់ស្លាកសញ្ញាហាមចូល ធ្វើរបងការពារ ដើម្បីសុវត្ថិភាពភ្ញៀវដែលឆ្លងកាត់ខ្លោងទ្វារនេះជាមុនសិន។ បន្ទាប់មកមានការធ្វើកំណាយ ដើម្បីសិក្សាឱ្យច្បាស់លាស់ពីរចនាសម្ព័ន្ធគ្រឹះ សម្រង់ប្លង់ចុះបញ្ជីលេខថ្មដែលនៅរាយប៉ាយ ហើយយកទៅដាក់ទីតាំងដើម។

ចំពោះថ្មណាដែលមិនទាន់ស្គាល់ទីតាំងយកទៅរក្សាទុកមួយកន្លែង ដើម្បីឱ្យអ្នកជំនាន់ក្រោយសិក្សាស្រាវជ្រាវបន្ត និងរៀបចំទីតាំងដាក់គ្រឿងចក្រ ក៏ដូចជាធ្វើរោងយាមសម្រាប់ការពារសម្ភារនៅទីនេះ។ មន្ត្រីបច្ចេកទេសបន្ថែមថា ការងារជួសជុលនេះ គឺក្រុមការងារបានអនុវត្តទៅតាមបច្ចេកទេស ដោយមានការទល់ទ្រពេលរើជញ្ជាំង ហើយនៅតាមកន្លែងណាដែលមានបញ្ហាហែក គឺត្រូវរឹតកុំឱ្យទឹកហូរច្រោះ និងរើស្រទាប់ថ្មជញ្ជាំងបាយក្រៀមណាដែលហែកក្រៀកម្ដងមួយស្រទាប់ៗ រួចត្រូវរៀបឡើងវិញ។ ប្រសិនបើគ្រឹះមានបញ្ហាគឺត្រូវជួសជុលទាំងគ្រឹះ រួចហើយបន្តជួសជុលជញ្ជាំងឱ្យរត់ត្រង់ជាមួយខ្លោងទ្វារ។ ចំណែកកាំជណ្តើរថ្មបាយក្រៀមនឹងរៀបចំឡើងវិញ ដើម្បីជួយទប់ដីកុំឱ្យទឹកភ្លៀងហូរច្រោះ៕






