
រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា អំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធររាជធានី-ខេត្ត សាលារៀន សហគមន៍ និងសង្គមទាំងមូលចូលរួបទប់ស្កាត់ការប្រើប្រាស់ថ្នាំជក់ ខណៈបច្ចុប្បន្ននៅកម្ពុជាមានអ្នកប្រើប្រាស់រហូតដល់១,៦លាននាក់...។

តាមរយៈកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដើម្បីពិនិត្យវឌ្ឍនភាពការងារពង្រឹងកិច្ចសហការពហុវិស័យ និងកំណត់អាទិភាពសម្រាប់ជំហានបន្ត ក្នុងការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់, ការពារប្រជាជនពីផ្សែងថ្នាំជក់, បង្ក្រាបផលិតផលថ្នាំជក់ខុសច្បាប់ និងក្លែងក្លាយ ព្រមទាំងទប់ស្កាត់បារីអេឡិចត្រូនិក ដែលកំពុងបង្កហានិភ័យដល់យុវជន និងសុខភាពសាធារណៈ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ លោក ឈាង រ៉ា អះអាងថា កម្ពុជានៅតែមានអ្នកប្រើប្រាស់ថ្នាំជក់ប្រមាណ១,៦លាននាក់ ទាមទារឱ្យបន្តមានយន្តការសមស្របជាប់លាប់ និងមានប្រសិទ្ធភាព។

លោក ឈាង រ៉ា ថ្លែងគូសរំលេចថា៖«ការត្រួតពិនិត្យផលិតផលថ្នាំជក់ គឺជាការងាររបស់គ្រប់វិស័យ និងជាការទទួលខុសត្រូវរួមរបស់សង្គមទាំងមូល។ យើងត្រូវរួមគ្នាការពារកុមារ យុវជន និងប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃការប្រើផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក ដើម្បីកសាងអនាគតកម្ពុជាគ្មានផ្សែងបារី មានសុខភាពល្អ និងសុវត្ថិភាព»។ ទោះកម្ពុជា បានសម្រេចសមិទ្ធផលសំខាន់ៗជាច្រើន តាមក្របខណ្ឌអនុសញ្ញា WHO FCTC និងកញ្ចប់អន្តរាគមន៍ MPOWER រួមមាន៖ ការបោះពុម្ពសារអប់រំសុខភាពលើកញ្ចប់ថ្នាំជក់ ការហាមជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ និងការហាមផ្សព្វផ្សាយពាណិជ្ជកម្មហើយក្ដី តែលោករដ្ឋមន្ត្រីនៅតែណែនាំភារកិច្ចគន្លឹះដល់គណៈកម្មាធិការត្រូវបន្តអនុវត្ត។

ភារកិច្ចទាំងនោះរួមមាន៖ ការត្រួតពិនិត្យថ្នាំជក់ គឺជាការងារការពារជីវិត និងអនាគតប្រជាជន ដែលមិនត្រឹមតែកាត់បន្ថយការជក់បារីប៉ុណ្ណោះទេ ប៉ុន្តែកំពុងការពារកុមារ យុវជន ស្ត្រី និងប្រជាជនទាំងមូល ពីជំងឺមហារីក ជំងឺបេះដូង ជំងឺផ្លូវដង្ហើម និងជំងឺមិនឆ្លងផ្សេងៗ។ ក្នុងករណីនេះ លោករដ្ឋមន្ត្រីបញ្ជាក់ថា ការងារនេះត្រូវការកិច្ចសហការពហុវិស័យពិតប្រាកដ ពោលគឺក្រសួងសុខាភិបាល មិនអាចធ្វើតែម្នាក់ឯងបានទេ ហេតុនេះលោកទាមទារឱ្យ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធររាជធានី-ខេត្ត សាលារៀន សហគមន៍ និងសង្គមទាំងមូលត្រូវចូលរួមជាមួយគ្នា។ ក្នុងពេលជាមួយគ្នា គណៈកម្មាធិការ ត្រូវបន្តអប់រំ និងផ្សព្វផ្សាយឱ្យទូលំទូលាយ ជាពិសេសដល់សិស្ស និស្សិត និងយុវជន ដែលរួមមាន យុវជនជាគោលដៅងាយរងគ្រោះពីផលិតផលថ្នាំជក់ទម្រង់ថ្មីៗ និងបារីអេឡិចត្រូនិក។

លោក ឈាង រ៉ា ចាត់ទុកថា ការការពារពួកគេ គឺជាការការពារអនាគតសុខភាពជាតិ។ ម៉្យាងវិញទៀត គណៈកម្មាធិការ ក៏ត្រូវអនុវត្តច្បាប់ និងវិធានការហាមឃាត់ឱ្យម៉ឺងម៉ាត់ ក្នុងរូបភាពពង្រឹងការអនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ការហាមផ្សព្វផ្សាយពាណិជ្ជកម្ម ការបោះពុម្ពសារព្រមានសុខភាព និងការហាមជក់នៅកន្លែងសាធារណៈ។ បង្ក្រាបផលិតផលថ្នាំជក់ខុសច្បាប់ ក្លែងក្លាយ និងបារីអេឡិចត្រូនិកឱ្យមានប្រសិទ្ធភាព ហើយរៀបចំយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២៧-២០៣១។ យុទ្ធសាស្ត្រថ្មីត្រូវផ្អែកលើទិន្នន័យភស្តុតាង វិធានការមានប្រសិទ្ធភាព និងគោលដៅកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ឱ្យបាន៣០ភាគរយឆ្ពោះទៅឆ្នាំ២០៣០៕





