ទីតាំងផលិតធ្យូងគ្មានច្បាប់មួយកន្លែងនៅស្រុកចិត្របុរី ត្រូវមន្ត្រីជំនាញចុះបង្ក្រាប និងវា.យកម្ទេចចោល
S
Sreyleak Yith
2 ម៉ោងមុន


ក្រុងក្រចេះ៖ កម្លាំងមន្រ្តីជំនាញខេត្តក្រចេះ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ បានចុះបង្ក្រាបទីតាំងផលិតធ្យូងមួយកន្លែង ដែលគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ នៅភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី...។

លោក ទ្រី ម៉េងលាង នាយផ្នែករដ្ឋបាលព្រៃឈើខេត្តក្រចេះ បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការខាងលើនេះ មន្ត្រីជំនាញ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកចិត្របុរី ក្រោមការសម្របសម្រួលនីតិវិធីដោយស្ថាប័នអយ្យការ នៃសាលាដំបូងខេត្តក្រចេះ។ ក្នុងនោះដែរ កម្លាំងជំនាញចម្រុះ បានវាយកម្ទេចឡធ្យូងធំៗចំនួន៥ រីឯ២ផ្សេងទៀតកំពុងតែដុតមិនទាន់បញ្ចេញធ្យូង មន្ត្រីជំនាញបានឱ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យារុះរើដោយខ្លួនឯង។ ជាមួយគ្នា កម្លាំងសមត្ថកិច្ច ក៏បានដកហូតធ្យូងជាច្រើនដែលជាវត្ថុតាង មករក្សាទុកនៅរដ្ឋបាលព្រៃឈើ។ នាយផ្នែករដ្ឋបាលព្រៃឈើ បន្ថែមថា ការចុះបង្ក្រាបឡធ្យូងគ្មានច្បាប់នេះ ជារឿងសំខាន់ក្នុងការ[ការពារ]ធនធានធម្មជាតិ ហើយប្រតិបត្តិការនេះដែរ មិនមែនធ្វើត្រឹមតែពេលនេះទេ គឺមន្ត្រីយើងនឹងបន្តអនុវត្តដូចភ្លៀងរលឹម។ 

ប្រសិនបើម្ចាស់ទីតាំងនៅតែបន្តសកម្មភាពដដែលៗ ពោលគឺផលិតធ្យូងគ្មានច្បាប់ត្រឹមត្រូវបន្តទៀត នោះនឹងត្រូវអនុវត្តផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។ ជាមួយគ្នាផងដែរ សមត្ថកិច្ចក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរកស៊ីខាងផលិតធ្យូង មុនធ្វើអាជីវកម្មត្រូវសុំច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើឱ្យបានត្រឹមត្រូវជាមុនសិន ទើបអាចធ្វើអាជីវកម្មបាន បើមិនដូច្នេះទេ នាំឱ្យអាចដូចករណីខាងលើ គឺត្រូវវាយកម្ទេចទ្បចោល និងធ្វើកិច្ចសន្យាព្រមានលើកទីមួយផងដែរ៕
រាយការណ៍ដោយ៖ សារី ណែត

<br />

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត