បន្ទាប់ពីលុបចោល MoU ៤៤ តាមទំនើងចិត្ត ថៃត្រៀមដាក់ពង្រាយរថពាសដែកអាចបើកបានទាំងលើទឹក លើគោក នៅតាមបណ្តោយព្រំដែនជាប់កម្ពុជា
ហៀប ស៊ីថេត
9 ម៉ោងមុន

រាជធានីបាងកក៖ ក្រោយប្រកាសលុបចោល MoU ៤៤ ឬ MoU ឆ្នាំ២០០១ ជាឯកតោភាគី ស្រាប់តែកងទ័ពជើងទឹកថៃ បានបង្ហាញមហិច្ឆតាយ៉ាងច្បាស់ក្រឡែត នៅថ្ងៃទី២៧ ខែមេសានេះ តាមរយៈការប្រកាសទិញបន្ថែមនូវរថពាសដែកប្រភេទ AWAV 8x8 ផលិតក្នុងស្រុក ដើម្បីពង្រឹងកម្លាំងយោធាផ្តោតលើការវាយប្រហារតាមឆ្នេរសមុទ្ទ និងតាមតំបន់ព្រំដែនគោកភាគខាងកើតជាប់កម្ពុជា។ រថពាសដែកប្រភេទនេះ អាចបើកទាំងលើទឹក និងលើគោកក៏បាន។ នេះបើផ្អែកតាមការចុះផ្សាយរបស់កាសែតថៃ ដូចជា The Nation និង Amarin ជាដើម។

អ្នកនាំពាក្យកងទ័ពជើងទឹកថៃ លោក ប៉ារាជ រតនជ័យភណ្ឌ (ปารัช รัตนไชยพันธ์) បានលើកឡើងថា ការបញ្ជាទិញរថពាសដែកបន្ថែមពីក្រុមហ៊ុនផលិតក្នុងស្រុកឈ្មោះ ជ័យសេរី (ชัยเสรี) គឺជាកិច្ចការចាំបាច់ ដើម្បីឆ្លើយតបនឹងស្ថានភាពសន្តិសុខនៅតាមព្រំដែន។ យ៉ាងណា អ្នកវិភាគយោធាមួយចំនួនមើលឃើញថា នេះគឺជាការត្រៀមលក្ខណៈវាយលុកក្នុងស្រមោលនៃមហិច្ឆតាឈ្លានពានកម្ពុជា ដោយសាររថពាសដែកប្រភេទនេះ មានសមត្ថភាពខ្ពស់ក្នុងការវាយប្រហារតាមឆ្នេរ និងធ្វើសឹកសង្គ្រាមតាមដីគោក។ រថពាសដែកប្រភេទ AWAV 8x8 មិនត្រឹមតែអាចបើកបរលើដីគោកប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានរចនាឡើងជាពិសេស ដើម្បីធ្វើប្រតិបត្តិការរួមគ្នាជាមួយនាវាដឹកជញ្ជូនយោធាខ្នាតធំ ដែលអាចវាយប្រហារតាមសមុទ្ទ ដ៏គ្រោះថ្នាក់ផងដែរ។

លោក ប៉ារ៉ាច់ រតនជ័យភណ្ឌ
លោក ប៉ារ៉ាច់ រតនជ័យភណ្ឌ

រថពាសដែកប្រភេទនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធកាំភ្លើងយន្ត និងប្រព័ន្ធបញ្ជាទំនើប រួមជាមួយប្រព័ន្ធការពារគ្រាប់កាំភ្លើង និងការបំផ្ទុះដោយគ្រាប់មីនផងដែរ។ ការណ៍នេះឆ្លុះបញ្ចាំងពីការត្រៀមខ្លួនសម្រាប់សមរភូមិវាយលុកដ៏ខ្លាំងក្លារបស់យោធាថៃ។ ការបង្កើនចំនួនរថពាសដែកនេះ​ មិនមែនជារឿងចៃដន្យនោះទេ ព្រោះវាកើតឡើងស្របពេលដែលថៃបានប្រកាសលុបចោល MoU ៤៤ ជាការប៉ុនប៉ងរំលោភបំពានលើដែនសមុទ្ទកម្ពុជាយ៉ាងប្រត្យក្ស។ ផែនការបង្កើនចំនួនរថពាសដែកនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃនេះ កំពុងបង្ហាញពីចេតនាដាក់សម្ពាធ ក្នុងស្រមោលមហិច្ឆតាឈ្លានពានកម្ពុជាបន្ថែមទៀត។ តើកម្ពុជាត្រូវមានការប្រុងប្រយ័ត្នអ្វីខ្លះ ចំពោះមហិច្ឆតា ដែលមិនចេះឆ្អែតឆ្អន់របស់យោធាថៃនេះ?...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត