រដ្ឋមន្រ្តីទេសចរណ៍ស្នើរដ្ឋបាលរាជធានី-ខេត្ត បង្កើតអត្តសញ្ញាណពិសេសផ្ទាល់ខ្លួនឱ្យលេចធ្លោ ចងចិត្តភ្ញៀវទេសចរ
S
Soriya Sou
17 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងពិធីសិក្ខាសាលាស្ដីពី «ការអភិវឌ្ឍ និងគ្រប់គ្រងទេសចរណ៍» នាពេលថ្មីៗនេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើដល់រដ្ឋបាលរាជធានី-ខេត្តនីមួយៗ សូមបង្កើតអត្តសញ្ញាណផ្ទាល់ខ្លួនឱ្យមានភាពទោល លេចធ្លោ និងពិសេស ព្រោះវាជាតម្លៃបន្ថែមខ្ពស់ក្នុងវិស័យទេសចរណ៍...។

លោក ហួត ហាក់ មានប្រសាសន៍ថា ការបង្កើតអត្តសញ្ញាណផ្ទាល់ខ្លួនឱ្យពិសេស លេចធ្លោសម្រាប់រាជធានី-ខេត្តនីមួយៗ វានឹងជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តកាន់តែច្រើនថែមទៀត។ លោកអំពាវនាវឱ្យរដ្ឋបាលរាជធានី-ខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់លើការអត្ថាធិប្បាយនិទានរឿង (Story telling) នៃសក្តានុពលទេសចរណ៍នីមួយៗ (តំបន់សក្តានុពលទេសចរណ៍, ម្ហូបអាហារ, ជំនឿ, ទំនៀមទម្លាប់) ឱ្យមានភាពទាក់ទាញអារម្មណ៍ និងរស់រវើក ធ្វើឱ្យភ្ញៀវទេសចរចង់មកទស្សនាកម្សាន្ត, ចង់ស្គាល់, ចង់ឃើញ, ចង់ភ្លក្ស, ចង់សាកល្បងបទពិសោធន, ចង់ស្នាក់នៅកាន់តែយូរ, និង ចង់មកទស្សនាម្ដងទៀត។ គ្រប់ភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវរួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍ ឱ្យបានកាន់តែទូលំទូលាយ ស្របតាមទិសស្លោក «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»។ 

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជា បន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យទេសចរណ៍នៅតែបន្តរក្សាភាពធន់ និងជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព។ កាលពីឆ្នាំ២០២៥ កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុប៥,៥៧លាននាក់ ជាមួយទេសចរជាតិប្រមាណ២៥,១៦លាននាក់ កើនឡើង១១,៧ភាគរយ និងចំណូលទេសចរអន្តរជាតិ៣,៨៧៨លានដុល្លារអាម៉េរិក កើនឡើង៦,៦ភាគរយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត