
រាជធានីភ្នំពេញ៖ ទេសចរណ៍ ជាវិស័យងាយរងផលប៉ះពាល់ដោយព័ត៌មានក្លែងក្លាយ និងអវិជ្ជមាន ទាមទារឱ្យមានការតាមដាន និងឆ្លើយតបបានទាន់ពេលវេលា បុរេសកម្ម ប្រកបដោយប្រសិទ្ធភាព។ នេះជាការលើកឡើងរបស់ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍…។

ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងពង្រឹងការងារទំនាក់ទំនងសាធារណៈ និងព័ត៌មាន ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗជាមួយមន្រ្តីពាក់ព័ន្ធ តំណាងក្រុមប្រឹក្សាសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោក ហួត ហាក់ មានប្រសាសន៍ថា ការងារទំនាក់ទំនងសាធារណៈ និងព័ត៌មាន គឺត្រូវតែពង្រឹងឱ្យមានភាពប្រទាក់ក្រឡាជាប្រព័ន្ធតែមួយ និងមានកិច្ចសហការឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេស ការត្រៀមខ្លួនជាលក្ខណៈបុរេសកម្ម និងជាប់ជាប្រចាំនៅក្នុងសមរភូមិព័ត៌មានទេសចរណ៍ ដោយ «ចាក់ទឹកថ្លា ក្នុងទឹកល្អក់»។ លោកណែនាំឱ្យអ្នកពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ទាំងលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតាមទីផ្សារគោលដៅ, ពង្រីកការផ្សព្វផ្សាយអំពីកិត្តិនាមកម្ពុជា និងព័ត៌មានវិជ្ជមានឱ្យកាន់តែខ្លាំងបន្ថែមទៀត ហើយឆ្លើយតបឱ្យបានទាន់ពេលវេលា ប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាពខ្ពស់។

មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវតាមដានឱ្យទាន់ និងសកម្មបំផុតចំពោះបញ្ហាប្រឈម ជាពិសេស បញ្ហាទេសចរណ៍ក្នុងបរិបទពិភពលោក ដែលកំពុងជួបប្រទះនឹងស្ថានភាពសង្គ្រាម និងការរំខាននានា។ លើសពីនេះ ត្រូវយកចិត្តទុកដាក់តាមដាន និងឆ្លើយតបចំពោះការលាបពណ៌ពីការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងអវិជ្ជមានផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមកម្ពុជា រួមទាំងអត្ថបទមួយចំនួនដែលបានប្រើប្រាស់ពាក្យ «Scambodia»។ រដ្ឋមន្រ្តីទេសចរណ៍ ក៏បានជំរុញឱ្យមន្រ្តីពង្រឹងសមត្ថភាព ជំនាញបញ្ញាសិប្បនិម្មិត (AI) ដើម្បីឆ្លើយតបនឹងនិន្នាការថ្មីរបស់បច្ចេកវិទ្យា ដែលវិវត្តឥតឈប់ឈរ និងរិតចំណងជិតស្និទ្ធជាមួយក្រុមអ្នកផលិតមាតិកាព័ត៌មាន៕




