Update៖ ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបា.ញ់ប្រ.ហារ​លោក ត្រាំ នៅពិធីជប់លៀងត្រូវបានចាប់ខ្លួន
N
Nary Vann
4 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ អាជ្ញាធរសហរដ្ឋអាម៉េរិក បញ្ជាក់ថា ខ្មាន់កាំភ្លើងម្នាក់ដែលបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងពិធីជប់លៀងប្រចាំឆ្នាំរបស់អ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន កាលពីយប់ថ្ងៃសៅរ៍ (ម៉ោងនៅវ៉ាស៊ីនតោន) ត្រូវឃាត់ខ្លួនបានសម្រេចហើយ។ ហេតុការណ៍ដ៏រន្ធត់នេះ បានបង្ខំឱ្យមានការជម្លៀសប្រធានាធិបតី ដូណាល់ ត្រាំ និងភរិយារបស់លោក គឺ លោកស្រី មេឡានី ត្រាំ (Melania Trump) ព្រមទាំងអនុប្រធានាធិបតី លោក ជេឌី វ៉ាន (JD Vance) ចេញពីសាលប្រជុំភ្លាមៗ បន្ទាប់ពីសំឡេងកាំភ្លើង បានបន្លឺឡើងកាត់សុន្ទរកថាស្វាគមន៍...។

តាមសេចក្តីរាយការណ៍ចុងក្រោយ ជនសង្ស័យត្រូវបានគេស្គាល់អត្តសញ្ញាណមាន ឈ្មោះ ខូល ថូម៉ាស អេឡិន (Cole Tomas Allen) អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅទីក្រុង Torrance រដ្ឋកាលីហ្វ័រញ៉ា។ ស្នងការរងប៉ូលិសរដ្ឋធានីវ៉ាស៊ីនតោន បានបញ្ជាក់ថា ជននេះគឺជាភ្ញៀវដែលបានមកស្នាក់នៅក្នុងសណ្ឋាគារហីលតុនផ្ទាល់តែម្ដង។ នៅវេលាម៉ោង៨:៣៦នាទីយប់ (ម៉ោងនៅសហរដ្ឋអាម៉េរិក) ខ្មាន់កាំភ្លើងបានសម្រុកកាត់ប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខនៅមុខសាលពិធី ប្រដាប់ដោយអាវុធគ្រោះថ្នាក់ជាច្រើន រួមមាន៖ កាំភ្លើងវែង កាំភ្លើងខ្លី និងកាំបិតជាច្រើនដើម។ ក្នុងសកម្មភាពនោះ ជនសង្ស័យ បានបាញ់តតាំងជាមួយកម្លាំងសមត្ថកិច្ច បណ្ដាលឱ្យភ្នាក់ងារសម្ងាត់ម្នាក់រងគ្រាប់កាំភ្លើង ប៉ុន្តែសំណាងល្អភ្នាក់ងាររូបនោះ មិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ។

ជនសង្ស័យ ខូល ថូម៉ាស អេឡិន
ជនសង្ស័យ ខូល ថូម៉ាស អេឡិន

ជនសង្ស័យ មិនបានរងរបួសដោយសារគ្រាប់កាំភ្លើងឡើយ ប៉ុន្តែត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីពិនិត្យស្ថានភាពផ្លូវចិត្ត។ មេធាវីសហរដ្ឋអាម៉េរិក បញ្ជាក់ថា លោក អេឡិន នឹងត្រូវប្រឈមមុខនឹងបទចោទប្រកាន់បឋមចំនួនពីរគឺ៖ ការប្រើប្រាស់អាវុធក្នុងបទឧក្រិដ្ឋហិង្សា និងការប៉ុនប៉ងវាយប្រហារលើមន្ត្រីសហព័ន្ធដោយអាវុធគ្រោះថ្នាក់។ ជននេះនឹងត្រូវបញ្ជូនទៅតុលាការសហព័ន្ធនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ នាយក FBI លោក ខាសហ៍ ប៉ាតែល (Kash Patel) បានលើកឡើងថា ភ្នាក់ងាររបស់លោក កំពុងធ្វើការស៊ើបអង្កេតយ៉ាងល្អិតល្អន់ និងសាកសួរសាក្សី ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៅពីក្រោយសកម្មភាពនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត