
រដ្ឋធានីវ៉ាស៊ីនតោន៖ ព័ត៌មានលម្អិតដ៏រន្ធត់ថ្មីៗ បានលេចចេញមកជុំវិញការបាញ់ប្រហារក្នុងកម្មវិធីជួបជុំមួយ ក្នុងសណ្ឋាគារវ៉ាស៊ីនតោនហ៊ីលតុន (Washington Hilton) ដោយអាជ្ញាធរអាម៉េរិក បានទម្លាយថា ឃាតកមិនត្រឹមតែមានគោលដៅលើលោកប្រធានាធិបតី ដូណាល់ ត្រាំ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបំណងបោសសម្អាតជួរថ្នាក់ដឹកនាំកំពូលៗរបស់រដ្ឋាភិបាលអាម៉េរិកតាមលំដាប់លំដោយផងដែរ។ លោកស្រី ម៉េឡានៀ ត្រាំ (Melania Trump) ជាភរិយារបស់លោក ត្រាំ និងលោក ជេឌី វ៉ាន (JD Vance) ជាអនុប្រធានាធិបតី សុទ្ធតែមានវត្តមានក្នុងកម្មវិធីនេះជាមួយលោក ត្រាំ។

យោងតាមកំណត់ត្រាប្រវែងប្រមាណ១ពាន់ពាក្យ ដែលត្រូវបានរកឃើញ និងចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយធំៗ ជនសង្ស័យឈ្មោះ ខូល អេឡិន (Cole Allen) អាយុ៣១ឆ្នាំ បានសរសេរកំណត់ត្រាមួយផ្ញើទៅគ្រួសារមុនពេលខ្លួនបើកការវាយប្រហារ ដោយក្នុងនោះ រូបគេបានរៀបចំណាត់ថ្នាក់គោលដៅលើអ្នកមានអំណាចខ្ពស់បំផុត រហូតទៅដល់ទាបបំផុត។ ទោះបីមិនបានបញ្ចេញឈ្មោះលោក ត្រាំ ចំៗក្នុងសំបុត្រនោះ ប៉ុន្តែខ្លឹមសារបង្ហាញពីកំហឹងយ៉ាងខ្លាំងចំពោះរដ្ឋបាលបច្ចុប្បន្ន ដោយរូបគេបានហៅមេដឹកនាំអាម៉េរិក ថាជាជនក្បត់ជាតិ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ដល់ព័ត៌មានបន្ថែមតាមរយៈទូរទស្សន៍ Fox News ថា ខ្មាន់កាំភ្លើងរូបនេះបានសរសេរសេចក្ដីថ្លែងការណ៍ដែលមានគោលការណ៍ប្រឆាំងនឹងគ្រិស្តសាសនា ហើយលោកបានចាត់ទុក ខូល អេឡិន ថាជាមនុស្សដែលមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ។

ទន្ទឹមនោះ អាជ្ញាធរជឿជាក់ថា ជនសង្ស័យបានរៀបចំផែនការយ៉ាងដិតដល់ ដោយបានធ្វើដំណើរតាមរថភ្លើងពីទីក្រុងឡូសអេនជឺឡេស ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន និងបានជួលបន្ទប់ស្នាក់នៅក្នុងសណ្ឋាគារកើតហេតុផ្ទាល់តែម្ដង ដើម្បីងាយស្រួលក្នុងការសម្រុកចូលវាយប្រហារចំគោលដៅ ខណៈរូបគេត្រូវបានរកឃើញថាបានទិញអាវុធជាច្រើនប្រភេទទុកជាមុនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងព្រឹត្តិការណ៍បាញ់ប្រហារនេះ គ្មាននរណាម្នាក់បាត់បង់ជីវិតឡើយ ដោយមានតែទីភ្នាក់ងារសម្ងាត់ម្នាក់ រងរបួសស្រាល។ ហេតុការណ៍នេះ បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងលើប្រព័ន្ធសន្តិសុខការពារប្រធានាធិបតី និងបានក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយទៀតសម្រាប់លោក ត្រាំ ដែលធ្លាប់រួចផុតពីការប៉ុនប៉ងធ្វើឃាតចំនួនពីរលើករួចមកហើយ កាលពីកំលុងឆ្នាំ២០២៤៕





