
សុខភាព៖ គ្រឿងទេសដាក់ក្នុងម្ហូបអាហារ មិនមែនត្រឹមតែធ្វើឱ្យម្ហូបមានឱជារសឆ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ គឺថែមទាំងផ្តល់គុណប្រយោជន៍ចំពោះរាងកាយផងដែរ។ ជាក់ស្តែង គ្រឿងទេសផ្ទះបាយ៤មុខ មានដូចជា ខ្ទឹម-ស ខ្ញី ម្រេច និងម្ទេស មានអត្ថប្រយោជន៍ច្រើនដល់ការសម្រកទម្ងន់ ដូច្នេះ សូមលោកអ្នកនាងមកតាមដានជាមួយ SBM News ដូចតទៅ…។

១.ខ្ទឹមស៖ ខ្ទឹម-ស មានមុខងារល្អជាច្រើនចំពោះសុខភាព លើសពីនេះ ក៏មានសមត្ថភាពជួយពន្លឿនការដុតរំលាយអាហារផងដែរ។ ដូច្នេះ ការមានខ្ទឹមសក្នុងរបបអាហារប្រចាំថ្ងៃ នឹងជួយដល់លោកអ្នកនាងរាងកាយមាំទាំ ជួយសម្រួលដល់ខ្លាញក្នុងសរសៃឈាម និងជួយស្រកទម្ងន់បានមួយចំណែកទៀត។ ២.ខ្ញី៖ ខ្ញីជាភ្នាក់ងាររំញោចមេតាប៉ូលីស ដែលបង្កើតកម្ដៅនៅក្នុងកាកសំណល់សរីរាង្គ មានប្រសិទ្ធភាពដុតរំលាយជាតិខ្លាញ់កាឡូរីបានយ៉ាងល្អប្រសើរ តាមរយៈការបង្កើនសីតុណ្ហភាពក្នុងរាងកាយ។ មួយវិញទៀត ខ្ញី ក៏មានសមត្ថភាពបង្កើនការរំលាយអាហារ និងពន្លឿនការដុតរំលាយអាហារក្នុងរាងកាយល្អបំផុត សម្រាប់ជួយក្នុងការសម្រកទម្ងន់។

៣.ម្រេច៖ ម្រេច ជាគ្រឿងទេសយ៉ាងសំខាន់ នៅក្នុងការចម្អិនម្ហូបអាហារប្រចាំថ្ងៃ ហើយវាក៏មានផ្ទុកនូវវីតាមីនជាច្រើនដូចជា វីតាមីន A, C, K និងសារធាតុរ៉ែសំខាន់ៗមួយចំនួនទៀត។ មិនត្រឹមតែជំនួយដល់សុខភាពប៉ុណ្ណោះទេ ម្រេច ក៏នៅមានប្រយោជន៍ជំនួយដល់មុខងារមេតាប៉ូលីស ក្នុងការរំលាយអាហារដ៏ល្អបំផុត និងដុតរំលាយជាតិខ្លាញ់ជំនួយដល់ការសម្រកទម្ងន់បានយ៉ាងល្អ។ ៤.ម្ទេស៖ ម្ទេសជាគ្រឿងបន្ថែមរសជាតិ ដែលមិនអាចខ្វះបានក្នុងគ្រួសារនីមួយៗ ដើម្បីធ្វើឱ្យអាហារកាន់តែឆ្ងាញ់ ហើយល្អក្នុងការជួយដុតកាឡូរីចេញពីក្នុងរាងកាយ។ ក្រោយការទទួលទានអាហារហឹរ ជួយកាត់បន្ថយការឃ្លានចំណីផ្អែមៗបានទៀតផង។ នៅក្នុងម្ទេស មានសារធាតុខាប់សៃសិន ដែលជួយបង្កើនសីតុណ្ហភាពរាងកាយ ដើម្បីដុតកាឡូរី៕ អត្ថបទដកស្រង់៖ Hello គ្រូពេទ្យ





