
សុខភាព៖ ថ្លើម ដើរតួនាទីយ៉ាងសំខាន់ ដែលជួយរាងកាយឱ្យដំណើរការបានល្អ លើសពីនេះ វាដើរតួជាតម្រងសម្រាប់ច្រោះជាតិពុលចេញពីរាងកាយផងដែរ ប៉ុន្តែប្រសិនបើនៅសុខៗ លោកអ្នកមានចេញរោគសញ្ញាទាំង៣ដូចដែល SBM News រៀបរាប់ប្រាប់ខាងក្រោមនេះ ជាសញ្ញាប្រាប់ថា ថ្លើមលោកអ្នកកំពុងខ្សោយហើយ...។

១.ក្អួតឈាម៖ ថ្លើមដែលមានសុខភាព បង្កើតប្រូតេអ៊ីនកំណកឈាម រីឯថ្លើមមានបញ្ហា មិនមានសមត្ថភាពធ្វើបែបនេះឡើយ ជាលទ្ធផល ធ្វើឱ្យមានឈាមធ្លាក់កាន់តែច្រើន។ នៅពេលមានជំងឺក្រិនថ្លើម អាចធ្វើឱ្យប្រឈមនឹងបញ្ហាក្អួតឈាម មានឈាមក្នុងលាមក ឬហូរឈាមតាមរន្ធគូទ។ ប្រសិនបើលោកអ្នកមានមានបញ្ហាទាំងនេះ សូមប្រញាប់ទៅមន្ទីរពេទ្យ។ ២.ចាល់ទឹក៖ ការប្រមូលផ្ដុំសារធាតុរាវ អាចបណ្ដាលឱ្យប៉ោងពោះ ឬហើមជើង នេះហៅថាចាល់ទឹក។ ជារោគសញ្ញាទូទៅនៃជំងឺថ្លើម ដែលកើតឡើងចំនួន៥០ភាគរយ ចំពោះអ្នកមានជំងឺក្រិនថ្លើម។ បញ្ហានេះ កើតឡើងនៅពេលដែលសម្ពាធឈាមឡើងខ្ពស់ នៅក្នុងសរសៃឈាមថ្លើម ឬនៅពេលដែលថ្លើមមិនអាចបង្កើត អាល់ប៊ុមមីន ដែលជាប្រូតេអ៊ីនការពារ ការលេចធ្លាយពីចរន្តឈាមទៅជាលិកា។ ដើម្បីកាត់បន្ថយការចាល់ទឹក ត្រូវទទួលទានអាហារដែលមានជាតិសូដ្យូមទាប(អំបិល)។ ប្រសិនបើចាល់ទឹកកម្រិតមធ្យមទៅធ្ងន់ធ្ងរ គ្រូពេទ្យអាចនឹងផ្ដល់ថ្នាំបញ្ចុះទឹកនោម ដើម្បីបន្ថយអាការនេះ។

៣.ជំងឺខាន់លឿង៖ ជំងឺនេះ បណ្ដាលឱ្យទឹកនោមមានពណ៌ស្រអាប់ និងស្បែកលឿង។ វាកើតឡើងនៅពេលសារធាតុប៊ឺលីរុយប៊ីន ជាសារធាតុពណ៌កើតឡើង នៅពេលកោសិកាឈាមក្រហមបែកបាក់ កកើតឡើងនៅក្នុងចរន្តឈាម។ ថ្លើម មានសុខភាពល្អ ស្រូបយកសារធាតុប៊ឺលីរុយប៊ីន និងបំប្លែងទៅជាទឹកប្រមាត់។ ជំងឺខាន់លឿង ជាសញ្ញាធ្ងន់ធ្ងរនៃជំងឺខ្សោយថ្លើម ដូច្នេះ គួរឆាប់មកមន្ទីរពេទ្យ។ គួរជ្រាបថា ដើម្បីឱ្យថ្លើមមានសុខភាពល្អ ត្រូវកាត់បន្ថយការផឹកគ្រឿងស្រវឹង ហាត់ប្រាណឱ្យបាន៣០នាទីក្នុងមួយថ្ងៃ យ៉ាងហោចណាស់៥ដងក្នុងមួយសប្ដាហ៍ និងរក្សាទម្ងន់។ លើសពីនេះ ទទួលទានអាហារសុខភាពដូចជាបន្លែ ផ្លែឈើ និងអាហារមានជាតិសរសៃខ្ពស់ ហើយកាត់បន្ថយអាហារកែច្នៃដូចជា បង្អែម ភេសជ្ជៈ ដែលមានជាតិស្ករសិប្បនិម្មិត ស្ករចម្រាញ់ និងកាបូអ៊ីដ្រាតចម្រាញ់៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ



