
សុខភាព៖ ប្រេះកែងជើង ធ្វើឱ្យឈឺកែងជើងពេលឈរឬដើរ លើសពីនេះ មេរោគអាចចូលតាមរយៈស្បែកដែលប្រេះ បង្កឱ្យហើមឬរលាកកែងជើង។ បញ្ហាទាំងអស់នេះ លោកអ្នកអាចដោះស្រាយបានដោយគ្រាន់តែអនុវត្តវិធីដូចខាងក្រោម...។

១.ពិសាទឹក៖ ទទួលទានទឹកឱ្យគ្រប់គ្រាន់ នោះនឹងជួយរាងកាយលោកអ្នកនាងមានសុខភាពល្អ ស្បែកមានសំណើម។ ម្យ៉ាងវិញទៀត ជួយកម្ចាត់ជាតិពុលចេញពីក្នុងខ្លួន បើករន្ធញើស និងរក្សាភាពយឺតរបស់ស្បែក។ ២.ពាក់ស្បែកជើងតាមទំហំជើង៖ ពាក់ស្បែកជើងដែលមានទំហំធំ ឬតូចជាងជើង ក៏អាចបណ្ដាលឱ្យប្រេះកែងជើង ដោយសារស្បែកកែងជើងកកិតនឹងស្បែកជើង។ ដូច្នេះ លោកអ្នកនាងគួរគាប្បីពាក់ស្បែកជើងដែលមានទំហំប៉ុននឹងជើងរបស់យើង និងត្រូវជ្រើសរើសស្បែកជើងណា ដែលអាចឱ្យខ្យល់ចេញចូលបានល្អ និងមិនធ្វើឱ្យជើងហប់ ដើម្បីការពារកុំឱ្យស្បែកកែងជើងក្រិន ពេលពាក់ស្បែកជើងបិទជិតដូចជា ស្បែកជើងប៉ាតា លោកអ្នកពាក់ស្រោមជើងផង ដើម្បីការពារកែងជើងពីការកកិត នឹងផ្ទៃខាងក្នុងរបស់ស្បែកជើង។

៣.រក្សាទម្ងន់៖ អ្នកលើសទម្ងន់ងាយនឹងក្រិន ហើយប្រេះកែងជើង ព្រោះកែងជើងត្រូវរងសម្ពាធខ្លាំងពីការទ្រទម្ងន់ ដែលធ្វើឱ្យស្បែកកែងជើងក្រិន និងប្រេះ។ ត្រូវរក្សាទម្ងន់កុំឱ្យធាត់ពេក ដោយទទួលទានអាហារដែលមានកាឡូរីទាប ខ្លាញ់ទាប ស្ករទាប និងហាត់ប្រាណជាប្រចាំ។ ត្រូវបរិភោគបន្លែ ផ្លែឈើឱ្យបានច្រើន ដើម្បីទទួលបានជាតិសរសៃ វីតាមីន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ៤.ប្រើសាប៊ូមានកម្រិតខ្សោយ៖ កាត់បន្ថយមិនឱ្យស្បែកកែងជើងស្ងួតដោយប្រើសាប៊ូ មានកម្រិតខ្សោយសម្អាតបាតជើង និងកែងជើង ព្រោះសាប៊ូដែលមានកម្រិតកាត់ខ្លាំង អាចបំផ្លាញរបាំងការពារស្បែក និងបណ្ដាលឱ្យស្បែកកែងជើងបាត់បង់ជាតិទឹកធ្វើឱ្យស្បែកស្ងួត និងប្រេះ។

៥.រក្សាកែងជើងឱ្យមានសំណើម៖ កែងជើងប្រេះ ដោយសារស្បែកកែងជើងស្ងួតពេក ឬចុះខ្សោយ។ ដូច្នេះ បន្ទាប់ពីងូតទឹករួច ឬមុនពេលចូលគេង ត្រូវឧស្សាហ៍លាបក្រែមផ្តល់សំណើមនៅកែងជើង និងបាតជើង បន្ទាប់មកពាក់ស្រោមជើងដើម្បីរក្សាសំណើម។ ៦.ខាត់កែងជើង៖ ខាត់កែងជើងឱ្យបានម្តងក្នុងមួយសប្តាស៍ ដើម្បីឱ្យស្បែកកែងជើងទន់ និងរលោង។ ដំបូងត្រូវលាយអំបិលបន្តិចក្នុងទឹកក្ដៅឧណ្ហៗ រួចត្រាំជើងប្រហែល១៥នាទី។ បន្ទាប់មកខាត់កែងជើងនឹងថ្មខាត់កែងជើង ដើម្បីជម្រុះស្បែកងាប់ចេញ និងចុងក្រោយលាបឡេផ្តល់សំណើម។ គួរដឹងដែរថា ក្នុងករណីលោកអ្នកថែរក្សាកែងជើងជាប្រចាំហើយ នៅតែប្រេះកែងជើងទៀត ត្រូវទៅជួបមន្ទីរជួបពេទ្យសើស្បែក ព្រោះពេលខ្លះការប្រេះកែងជើង អាចបណ្ដាលមកពីជំងឺសើស្បែក ដូចជា ជំងឺត្រអក ឬទឹកស៊ីជើង៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ



