
រដ្ឋធានីប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គី ឡាវរ៉ូវ (Sergei Lavrov) បានប្រកាសបញ្ជាក់យ៉ាងច្បាស់ថា រុស្ស៊ីមានសមត្ថភាពពេញលេញក្នុងការបំពេញចន្លោះប្រហោងនៃតម្រូវការថាមពលរបស់ប្រទេសចិន ដែលកំពុងជួបវិបត្តិដោយសារការរាំងស្ទះការដឹកជញ្ជូនតាមច្រកសមុទ្ទហ័រមូស្ស ក្នុងកំលុងពេលសង្គ្រាមរវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់។

នៅក្នុងសន្និសីទសារព័ត៌មាននារដ្ឋធានីប៉េកាំង បន្ទាប់ពីជំនួបជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង លោក ឡាវរ៉ូវ បានបញ្ជាក់ថា៖«រុស្ស៊ីអាចប៉ះប៉ូវកង្វះខាតធនធានដែលបានកើតឡើង សម្រាប់ប្រទេសចិន និងប្រទេសដទៃទៀតដែលចាប់អារម្មណ៍ធ្វើការជាមួយយើង ដោយគ្មានមន្ទិលសង្ស័យឡើយ»។ ការលើកឡើងនេះកើតឡើងចំពេលដែលពិភពលោកកំពុងបារម្ភពីវិបត្តិប្រេង បន្ទាប់ពីច្រកសមុទ្ទយុទ្ធសាស្ត្រហ័រមូស្ស ត្រូវបានបិទខ្ទប់ស្ទើរតែទាំងស្រុង។ ក្រៅពីការសន្យារឿងប្រេង និងហ្គាស លោក ឡាវរ៉ូវ ក៏បានបង្ហើបឱ្យដឹងផងដែរថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើដំណើរមកបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងឆមាសទី១ នៃឆ្នាំ២០២៦ នេះ ដើម្បីពង្រឹងសម្ព័ន្ធភាពដែលលោកហៅថាជាបង្គោលដ៏រឹងមាំ មិនចេះរង្គើដោយសារព្យុះនយោបាយពិភពលោកឡើយ។

ទំនាក់ទំនងរវាងមហាអំណាចទាំងពីរនេះកាន់តែស្អិតល្មួតខ្លាំងឡើង ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើងក្នុងឆ្នាំ២០២២។ លោក ឡាវរ៉ូវ បានសង្កត់ធ្ងន់ថា ចំណងមិត្តភាពរុស្ស៊ី-ចិន កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពកិច្ចការពិភពលោក ជាពិសេស សម្រាប់បណ្ដាប្រទេសដែលមិនចង់ឃើញភាពវឹកវរបង្កឡើងដោយមហាអំណាចលោកខាងលិច។ ដំណើរទស្សនកិច្ចរបស់លោក ឡាវរ៉ូវ ធ្វើឡើងចំពេលដែលរដ្ឋធានីប៉េកាំងកំពុងមានភាពមមាញឹកក្នុងការទទួលស្វាគមន៍មេដឹកនាំពិភពលោកជាច្រើនរូប រួមមាន៖ មេដឹកនាំមកពីវៀតណាម និងអេស្ប៉ាញផងដែរ៕




