
រដ្ឋធានីព្យុងយ៉ាង៖ កូរ៉េខាងជើងបានបើកការបាញ់សាកល្បងមីស៊ីលបាលីស្ទីកជាច្រើនគ្រាប់ឆ្ពោះទៅកាន់សមុទ្ទខាងកើត កាលពីព្រឹកព្រលឹមថ្ងៃទី១៩ ខែមេសានេះ ដែលជាការបង្ហាញសាច់ដុំយោធាលើកទី៤ ហើយនៅក្នុងខែមេសានេះ ចំពេលមហាអំណាចពិភពលោកកំពុងផ្ដោតអារម្មណ៍លើសង្រ្គាមនៅមជ្ឈិមបូព៌ា។

យោងតាមសេចក្តីថ្លែងការណ៍របស់យោធាកូរ៉េខាងត្បូង មីស៊ីលទាំងនោះត្រូវបានបាញ់ចេញពីតំបន់ក្បែរទីក្រុង Sinpo នៅវេលាម៉ោងប្រហែល៦:១០នាទីព្រឹក (ម៉ោងនៅឧបទ្វីបកូរ៉េ)។ ចំណែករដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា មីស៊ីលទាំងនោះបានធ្លាក់នៅក្បែរឆ្នេរខាងកើតនៃឧបទ្វីបកូរ៉េ ដោយមិនបានហោះចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុនឡើយ។ ភ្លាមៗនោះ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានកោះប្រជុំសន្តិសុខបន្ទាន់មួយដើម្បីពិភាក្សាអំពីការគំរាមកំហែងនេះ។

អ្នកវិភាគមើលឃើញថា ការបាញ់សាកល្បងនេះ មិនមែនជារឿងចៃដន្យឡើយ ដោយលោកសាស្ត្រាចារ្យ Lim Eul-chul នៃសាកលវិទ្យាល័យ Kyungnam បានលើកឡើងថា ខណៈសហរដ្ឋអាម៉េរិកកំពុងជាប់រវល់ជាមួយអ៊ីរ៉ង់ កូរ៉េខាងជើងមើលឃើញថានេះ គឺជាឱកាសមាស ក្នុងការពង្រឹងសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។ ការបាញ់ធ្វើតេស្តនេះ កើតឡើងស្របពេលដែលលោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង ត្រៀមជួបគ្នានៅពាក់កណ្ដាលខែឧសភា ដើម្បីពិភាក្សាពីបញ្ហាកូរ៉េខាងជើង។

គួររំឭកថា កាលពីចុងខែមីនា លោក គីម ជុងអ៊ុន បានប្រកាសថា ឋានៈរបស់កូរ៉េខាងជើងជា «រដ្ឋនុយក្លេអ៊ែរ» គឺមិនអាចកែប្រែបានឡើយ។ ទោះបីជាមានការថ្កោលទោសពីអង្គការសហប្រជាជាតិថា ជាការបំពានសេចក្តីសម្រេចក៏ដោយ ក៏រដ្ឋធានីព្យុងយ៉ាងនៅតែបន្តទាត់ចោលការហាមឃាត់ទាំងនោះ ដោយអះអាងថា វាគឺជាសិទ្ធិស្វ័យការពារជាតិ។ កាលពីថ្ងៃពុធកន្លងទៅ ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក រ៉ាហ្វាអែល ហ្ក្រូស៊ី (Rafael Grossi) ក៏បានព្រមានដែរថា កូរ៉េខាងជើងសម្រេចបាននូវវឌ្ឍនភាពដ៏គួរឱ្យបារម្ភបំផុត ក្នុងការផលិតអាវុធនុយក្លេអ៊ែរ តាមរយៈការបង្កើតរោងចក្រចម្រាញ់អ៊ុយរ៉ានីញ៉ូមថ្មី៕



