
រាជធានីភ្នំពេញ៖ សូត្រមាសភ្នំស្រុក, ក្តាមថ្មកោះកុង, ស្វាយចន្ទីកំពង់ធំ និងស្វាយឧត្តរមានជ័យ ត្រូវបានក្រសួងពាណិជ្ជកម្ម សម្រេចចុះក្នុងបញ្ជី «ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ»។ នេះបើតាមព័ត៌មាន ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

សូត្រមាសភ្នំស្រុក ជាផលិតផលសិប្បកម្មត្បាញដោយដៃ ហើយមានសរសៃសូត្រល្អ ណែន ភ្លឺរលោង និងប្រើពណ៌ធម្មជាតិ ពីដំណើរការផលិតដែលគ្មានសារធាតុគីមី។ ក្តាមថ្មកោះកុង គឺក្តាមទឹកប្រៃពីតំបន់ព្រៃកោងកាង មានសាច់ណែន ស្វិត និងរសជាតិផ្អែមឆ្ងាញ់ពិសេស។ ស្វាយចន្ទីកំពង់ធំ មានគ្រាប់ធំ សាច់ពេញ ស្រួយ ក្លិនឈ្ងុយបានយូរ និងមានរសជាតិឈ្ងុយដូចប៊ឺ ឬឈ្ងុយដូចទឹកដោះគោ ហើយមានគុណភាពខ្ពស់។ ស្វាយឧត្តរមានជ័យ មានសាច់ណែន ស្រួយ និងរសជាតិជូរអែមឆ្ងាញ់ អាចកែច្នៃបានច្រើនប្រភេទ។

ចំពោះការចុះបញ្ជីនេះ រដ្ឋមន្ត្រីពាណិជ្ជកម្ម ចាត់ទុកជាជំហានសំខាន់ក្នុងការជំរុញ ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះ និងអត្តសញ្ញាណផលិតផលខ្មែរលើឆាកអន្តរជាតិ ការពារសិទ្ធិកម្មសិទ្ធិបញ្ញារបស់សហគមន៍ផលិតករ និងបង្កើនសក្តានុពលសម្រាប់ការចុះបញ្ជីនៅទីផ្សារអន្តរជាតិនាពេលអនាគត។

លោកស្រីរដ្ឋមន្ត្រី បន្តថា តាមរយៈការចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនេះ នឹងនាំមកនូវអត្ថប្រយោជន៍សំខាន់ៗជាច្រើន រួមមាន៖ ទី១ ការការពារផ្លូវច្បាប់ គឺទប់ស្កាត់ការក្លែងបន្លំ និងធានាការប្រើប្រាស់ឈ្មោះផលិតផលត្រឹមត្រូវតាមតំបន់ភូមិសាស្ត្រ, ទី២ ថែរក្សាវប្បធម៌ និងប្រពៃណី គឺជាការថែរក្សាទុកចំណេះដឹង និងវិធីសាស្ដ្រផលិតតាមសហគមន៍, ទី៣ លើកកម្ពស់ទេសចរណ៍ និងបរិស្ថាន គឺជំរុញទេសចរណ៍តាមតំបន់ផលិត និងគាំពារការផលិតស្របតាមបរិស្ថានធម្មជាតិ, ទី៤ បង្កើនតម្លៃទីផ្សារ និងនាំចេញ គឺបង្កើនតម្លៃផលិតផល និងពង្រីកសក្តានុពលប្រកួតប្រជែងលើទីផ្សារអន្តរជាតិ, ទី៥ បង្កើនសក្តានុពលចុះបញ្ជីអន្តរជាតិ គឺជួយបើកផ្លូវសម្រាប់ការទទួលស្គាល់នៅក្រៅប្រទេស និងការពារផលិតផលខ្មែរ នៅលើទីផ្សារសកល៕




