
(រាជធានីភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ចេញរបាយការណ៍កិច្ចប្រជុំកំពូល អាស៊ាន-កូរ៉េ លើកទី២៣ ថា គិតត្រឹមឆ្នាំ២០២១កន្លងទៅ ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ សម្រេចបានជិត១៩០ប៊ីលានដុល្លារអាម៉េរិក...។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កិច្ចប្រជុំកំពូល អាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ ត្រូវបានដឹកនាំដោយសហប្រធានចំនួន២រូប គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន និង ឯកឧត្តម យុន ស៊ុកយុល (Yoon Suk-yeol) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ដោយមានការយាង និងអញ្ជើញចូលរួមពីមេដឹកនាំកំពូលៗរបស់បណ្ដាប្រទេសដែលជាសមាជិកអាស៊ាន និង អគ្គលេខាធិការអាស៊ានផងដែរ។
តាមរយៈកិច្ចប្រជុំនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បញ្ជាក់ថា អាស៊ាន និងសាធារណកូរ៉េ បានក្លាយជាដៃគូសន្ទនានឹងគ្នានៅឆ្នាំ១៩៨៩ ហើយសាធារណរដ្ឋកូរ៉េ ក៏ជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់អាស៊ានផងដែរ។ ជាងនេះទៀត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា៖ « ដោយផ្អែកលើស្ថិតិរបស់អាស៊ាន សម្រាប់ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ បានឈានដល់១៨៩,៥ប៊ីលានដុល្លារ កើនឡើង ២២,៣ភាគរយធៀបនឹងឆ្នាំ២០២០ ហើយការវិនិយោគដោយផ្ទាល់ពីសាធារណរដ្ឋកូរ៉េ ទៅកាន់អាស៊ាន ក្នុងឆ្នាំ២០២១ មានប្រមាណ ៧.១ប៊ីលានដុល្លារ ឬកើនឡើង៦ភាគរយ ធៀបនឹងឆ្នាំ២០២០»។

ដោយឡែក បើងាកមកមើលទំហំពាណិជ្ជកម្មជាមួយកម្ពុជាវិញ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជរវាងកម្ពុជា និងប្រទេសកូរ៉េខាងត្បូង មានតម្លៃជាង៦០០លានដុល្លារ ពោលគឺកើនឡើង៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ក្នុងនោះកម្ពុជានាំចេញទៅកូរ៉េមានតម្លៃ១៧៥លានដុល្លារ កើនឡើង២១ភាគរយ និងនាំទំនិញពីកូរ៉េមកវិញក្នុងតម្លៃ៤២៦លានដុល្លារ ថយចុះ៣ភាគរយ។
សូមរម្លឹកថា នៅកំលុងកិច្ចប្រជុំកំពូលអាស៊ាន ថ្នាក់ដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានកត់សម្គាល់ដោយរីករាយចំពោះការកើនឡើងនូវការវិនិយោគរបស់សាធារណរដ្ឋកូរ៉េ ដែលធ្វើឱ្យកូរ៉េឈរនៅលេខរៀងទី២ ក្នុងចំណោមដៃគូវិនិយោគធំៗរបស់កម្ពុជា ខណៈសម្តេចតេជោ ក៏បានស្នើដល់ឯកឧត្តមប្រធានាធិបតី Yoon ឱ្យលើកទឹកចិត្តជំរុញការវិនិយោគរបស់កូរ៉េ ឱ្យកាន់តែច្រើនថែមទៀតនៅកម្ពុជា៕




