រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចង់ឱ្យអាជីវករខ្មែរ ដាក់លក់ទំនិញកាន់តែច្រើនលើ Alibaba របស់ចិន
វុធ ច័ន្ទតារា
27 ឧសភា 2024 10:15 AM

រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោកជំទាវ ចម និម្មល នៅថ្ងៃចន្ទទី២៧ឧសភា បានអំពាវនាវដល់​សហគ្រិន និងអាជីវករខ្មែរ ​ប្រើប្រាស់​វេទិកាលក់ដូរ​អេឡិចត្រូនិករបស់ចិន ​ដូចជា Alibaba ឱ្យបានច្រើន ​ដើម្បី​លក់​ផលិតផល​របស់​ពួកគេ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ពង្រីកទីផ្សារក្រៅតែពីទីផ្សារក្នុងស្រុក។

ការជំរុញនេះ ធ្វើឡើងនៅក្នុងពេលដែលរដ្ឋមន្ត្រីកម្ពុជា ចូលរួមក្នុងពិធីបើកសិក្ខាសាលាស្តីពី «លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ Alibaba.com»។ ការជំរុញបែបនេះទៀតសោត ក៏ដោយសារតែក្រសួងពាណិជ្ជកម្ម និង Alibaba Group មានស្រាប់ទៅហើយនូវអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលក់ផលិតផលកម្ពុជា ដោយផ្ទាល់នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក «Alibaba» តាំងពីខែតុលាឆ្នាំ២០២៣។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ មកទល់នឹងពេលនេះ សហគ្រាសខ្មែរប្រមាណ១០ប៉ុណ្ណោះ បានដាក់ផលិតផលរបស់ខ្លួនដូចជា ពោតស្ងោរ ស្វាយ និងសំបុកត្រចៀកកាំ លក់នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដែលគេស្គាល់ថា Alibaba មួយនេះ។

នៅចំពោះមុខចំនួនតិចតួចបែបនេះ លោកជំទាវ ចម និម្មល លើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងមធ្យមធ្វើទីផ្សារផលិតផលរបស់ពួកគេនៅលើវេទិកាខាងលើ ដើម្បីជួយជំរុញការនាំចេញផលិតផលកម្ពុជា ទៅកាន់ប្រទេសចិននិយាយដោយឡែក និងទីផ្សារពិភពលោក​និយាយជារួម។ សូមជម្រាបថា កម្ពុជាបាននាំចេញផលិតផលទៅក្រៅប្រទេស ដែលមានតម្លៃសរុប៨ពាន់លានដុល្លារក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៤ កើនឡើង១៥,២ភាគរយពី៦,៩៤ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះចិនឈរលំដាប់ទី៣ នៃទីផ្សារធំៗរបស់កម្ពុជា ដែលមានទំហំនាំចេញប្រមាណ៤៨៦លានដុល្លារ កើនឡើង១០,៧ភាគរយ ធៀបនឹង៤ខែដំបូងឆ្នាំ២០២៣ ដែលមានទំហំនាំចេញត្រឹមជិត៤៤០លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយកាលពីដើមខែឧសភា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត