អូស្ត្រាលី ជំរុញកម្ពុជាឱ្យស្នើសុំកញ្ចប់ថវិកា៤៦លានដុល្លារ ដើម្បីអភិវឌ្ឍជំនាញបច្ចេកទេសដល់មន្រ្តី
P
Pisey Sem
07 តុលា 2022 07:20 AM

(រាជធានីភ្នំពេញ)៖ លេខាធិការរងទទួលបន្ទុកអាស៊ីអាគ្នេយ៍ និងដៃគូសាកល នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី បានជំរុញឱ្យក្រសួងពាណិជ្ជកម្មកម្ពុជា ស្នើសុំកញ្ចប់ថវិកា៤៦លានដុល្លារអូស្ត្រាលី ដើម្បីអភិវឌ្ឍជំនាញបច្ចេកទេសដល់មន្រ្តី និងការពង្រឹងស្ថាប័ន។

ថ្លែងក្នុងជំនួបពិភាក្សាការងារទ្វេភាគី ជាមួយក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ លោកស្រី Michelle Chan លេខាធិការរងទទួលបន្ទុកអាស៊ីអាគ្នេយ៍ និងដៃគូសាកល នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី បានឱ្យដឹងថា ជំនួបពិភាក្សានេះ គឺដើម្បីពិភាក្សាការងារសំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់ ពិសេស លើវិស័យពាណិជ្ជកម្ម និងវិនិយោគ។

លោកស្រី ក៏បានជំរុញឱ្យក្រសួងពាណិជ្ជកម្ម លើកគម្រោងស្នើសុំជំនួយបច្ចេកទេស ក្រោមកិច្ចសហប្រតិបត្តិការតំបន់ សម្រាប់ការកសាងសមត្ថភាពមន្ត្រី និងការពង្រឹងស្ថាប័ន ដែលស្ថិតនៅក្រោមគំនិតផ្ដួចផ្តើមអភិវឌ្ឍពាណិជ្ជកម្មតំបន់ ដែលមានទឹកប្រាក់សរុប៤៦លានដុល្លារអូស្ត្រាលី។

ទាក់ទិននឹងការលើកឡើងខាងនេះ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានថ្លែងអំណរគុណចំពោះភាគីអូស្ត្រាលី ដែលបានផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ជាពិសេស ការគាំទ្រដល់សមិទ្ធផលអាទិភាពសេដ្ឋកិច្ច(PEDs)របស់កម្ពុជា និងកិច្ចសហការដ៏ល្អ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) រួមមាន ការចរចាដំទ្បើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលសេទ្បង់ (AAZNFTA Upgrade Negotiations) និងការគាំទ្រដល់ការការអនុវត្តកិច្ចព្រមព្រៀងអាសិប (RCEP) ជាដើម។

គួរបញ្ជាក់ដែរថា បើតាមក្រសួងពាណិជ្ជកម្ម ធ្លាប់បានឱ្យដឹងថា ការរីកចម្រើនសេដ្ឋកិច្ចនាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អូស្ត្រាលី សម្រេចបាន៣២៤លានដុល្លារ នៅឆ្នាំ២០២១ កើនឡើង៥២ភាគរយ បើធៀបនឹងឆ្នាំ២០២០ ទោះបីជាស្ថិតក្នុងកាលៈទេសៈនៃវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយ។ យ៉ាងណា តាមរយៈជំនួបខាងលើនេះដែរ ភាគីទាំងពីរក៏បានគូសបញ្ជក់ជាថ្មីនូវការប្តេជ្ញាចិត្ត លើកកម្ពស់កិច្ចសហប្រតិបត្តិការវាងកម្ពុជា និងអូស្ត្រាលី ដើម្បីជំរុញវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត