ព្រះបរមរាជវាំង បន្តជូនដំណឹងដល់ប្រជាជនខ្មែរថា ព្រះរាជសុខភាពព្រះមហាក្សត្រ «ប្រសើរជាងមុន»

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្រសួងព្រះបរមរាជវាំង បានចេញសេចក្តីប្រកាសព័ត៌មានថា ព្រះរាជសុខភាពព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានល្អប្រសើរជាងមុន។

ក្រសួងព្រះបរមរាជវាំង គូសបញ្ជាក់ថា ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះអង្គមានវេជ្ជបណ្ឌិតឯកទេសខ្លាំងៗនៅមើលថែយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត។ ក្រសួងព្រះបរមរាជវាំង បន្តថា វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង ប្រទេសចិន បានព្យួរសេរ៉ូម ឆ្លុះអេកូព្រះទរ ព្រះបាទ ថ្វាយឱសថបំបាត់ការឈឺចាប់ និងថ្វាយឱសថផ្សះមុខរបួសព្រះអង្គតាមពេលវេលាកំណត់។ ក្រសួង បន្ថែមថា គ្រូពេទ្យបានទូលថ្វាយសូមព្រះអង្គគង់ប្រថាប់មួយរយៈពេលទៀត ដើម្បីពិនិត្យតាមដាន និងទទួលការថែទាំព្រះរាជសុខភាពជាបន្តបន្ទាប់៕


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


