
រាជធានីភ្នំពេញ៖ អតីតកូនដំរីឈ្មោះ «ឈូក» ដែលស្ទើរតែបាត់បង់ជីវិតដោយសារជាប់អន្ទាក់ព្រានក្នុងព្រៃជ្រៅ កាលពីកំលុងឆ្នាំ២០០៧ បច្ចុប្បន្ន កំពុងរស់នៅក្នុងសួនសត្វភ្នំតាម៉ៅ ទទួលបានជើងសិប្បនិម្មិតថ្មីមួយដែលជាព្រះរាជអំណោយរបស់សម្តេចហ្លួងម៉ែ ធ្វើឱ្យ ដំរី«ឈូក» អាចធ្វើដំណើរបានដោយក្ដីសង្ឃឹម...។

ដោយព្រះរាជហឫទ័យសណ្តោសប្រោសប្រណីដល់សត្វដំរីពិការឈ្មោះ «ឈូក» កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ម្សិលមិញ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន ២០០០ដុល្លារ ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីផលិតជើងសិប្បនិម្មិតថ្មីមួយ ជួយសម្រួលដល់ការដើររបស់សត្វដំរី«ឈូក» ឱ្យបានល្អប្រសើរឡើង។

សូមជម្រាបថា ព្រះរាជអំណោយរបស់សម្តេចហ្លួងម៉ែ ដល់ដំរី«ឈូក» នៅពេលនេះ ត្រូវបានអ្នកមើលថែ ឬហៅថាហ្មដំរី មានសេចក្ដីរំភើបរីករាយឥតឧបមា ដោយគាត់បានបញ្ជាក់ថា ការមើលថែ ដំរី«ឈូក» ឱ្យមានសុខភាពល្អ និងមានលទ្ធភាពដើរបានធម្មតាវិញ គឺជាកិច្ចខំប្រឹងប្រែងរួមគ្នារវាង អគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ នៃក្រសួងកសិកម្ម, អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) និងអ្នកថែទាំដែលនៅជាប់ជាមួយ«ឈូក»ទាំងយប់ទាំងថ្ងៃ។ ជាមួយគ្នា លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមចូលរួមគាំទ្រកិច្ចការអភិរក្សសត្វព្រៃ និងការងារថែទាំសត្វនៅឧទ្យានជាតិភ្នំតាម៉ៅ ដើម្បីរួមចំណែករក្សាធនធានសត្វព្រៃនៅកម្ពុជាឱ្យបានគង់វង្សយូរអង្វែងដល់កូនខ្មែរជំនាន់បានឃើញ៕



