
ក្រុងបាវិត៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីជិត១០០នាក់ ត្រូវអាជ្ញាធរកម្ពុជា ចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពួកគេសង្ងំលបលួចប្រព្រឹត្តអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា នៅចំណុចផ្ទះសំណាក់ និងម៉ាស្សាយីហោ OMG ក្រុងបាវិត ខេត្តស្វាយរៀង...។

យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្រោមកិច្ចសហការរវាងស្ថាប័នអយ្យការអមសាលាដំបូងស្វាយរៀង លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបានចាត់កម្លាំងជំនាញបើកការស្រាវជ្រាវទីតាំងខាងលើ ក្រោយសង្ស័យថា មានលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬOnline Scams ព្រមទាំងធ្វើការឃាត់ខ្លួនមនុស្សចំនួន៩៦នាក់ ស្រី២២នាក់ រួមមាន៖ ជនជាតិវៀតណាម, ចិន និងជនជាតិខ្មែរផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ក្រៅពីការចាប់ខ្លួនជនល្មើសទាំងនោះ អាជ្ញាធរបានបន្តដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន៖ កុំព្យូទ័រ All-In-One, កុំព្យូទ័រយួរដៃ, ទូរសព្ទដៃ, រថយន្ត, ម៉ូតូ និងសម្ភារមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕








