អ្នកជំនាញប្រាប់វិធីការពារគណនីតេទ្បេក្រាម ឱ្យមានសុវត្ថិភាព
S
Sreyleak Yith
9 ម៉ោងមុន

រាជធានីភ្នំពេញ៖ មន្រ្តីនៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល​ និង​ផ្សព្វផ្សាយ​អប់រំ សង្កេតឃើញមានជនរងគ្រោះ ត្រូវបានជនខិលខូច​លួចចូលគ្រប់គ្រង​គណនីតេទ្បេក្រាម ដោយក្លែងបន្លំជាជនរងគ្រោះ​ ដើម្បីសាងបទល្មើស​ផ្សេងៗ។ កាលពីយប់ថ្ងៃទី២៥មេសាម្សិលមិញ អ្នកជំនាញបានចេញមកចែករំលែកគន្លឹះសំខាន់ៗដើម្បីការពារសុវត្ថិភាព...។

មន្រ្តីនៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ គូសបញ្ជាក់ថា វិធីសាស្ដ្រការពារសុវត្ថិភាពគណនីតេទ្បេកុំឱ្យមានអ្នកលួច រួមមាន៖ ទី១.ពិនិត្យលើ Active Sessions៖ ដើម្បីដឹងអំពីឧបករណ៍ដែលកំពុងបើកប្រើប្រាស់គណនីលោកអ្នក ដំបូងចូលទៅកាន់ Settings រួចចូលពាក្យ Devices ដើម្បីពិនិត្យទៅលើឈ្មោះឧបករណ៍ដែលកំពុងប្រើប្រាស់។ ប្រសិនបើឃើញឧបករណ៍ខុសប្រក្រតី ដែលមិនមែនជារបស់លោកអ្នក ចុចលើពាក្យ Terminate Session ឬ Terminate All Other Sessions។ ទី២.វិធីពង្រឹងសុវត្ថិភាពគណនី៖ ដើម្បីការពារកុំឱ្យមានការលួចចូលគណនីពីជនខិលខូច លោកអ្នកត្រូវបើក Two-Step Verification (2FA)  ដោយគ្រាន់តែចូលទៅរក Settings ហើយមើលលើពាក្យ Privacy and Security រួចចុចយក Two-Step Verification ដើម្បីកំណត់លេខសម្ងាត់ដែលហៅថា (Password) បន្ថែម។

<br />

ជាមួយគ្នានេះ ដាក់ Passcode Lock និង Face ID នៅតេទ្បេក្រាមមួយតង់ទៀត ដើម្បីការពារកុំឱ្យអ្នកដែលកាន់ទូរសព្ទលោកអ្នកផ្ទាល់ បើកចូលកម្មវិធីតេទ្បេក្រាមបាន។ មួយវិញទៀត ហាមដាច់ខាតកុំចុចលើតំណភ្ជាប់ (Link) គ្មានប្រភពច្បាស់លាស់ ជៀសវាងការចុចលើ Link ដែលតម្រូវឱ្យលោកអ្នកបញ្ចូលលេខទូរសព្ទ ឬលេខកូដ OTP។ ទី៣.សញ្ញាសម្គាល់មិនប្រក្រតីផ្សេងៗ៖ ក្រៅពីកំណត់ Settings ខាងលើ អ្នកអាចសម្គាល់តាមរយៈសកម្មភាពប្លែកៗដូចជា៖ ការផ្ញើសារទៅកាន់អ្នកដទៃ ឬចូលរួមក្នុង Group Channel ប្លែកៗដោយមិនដឹងខ្លួន។ សារផ្ញើចូលមក មានលោតសញ្ញាថា អានរួច ទាំងដែលលោកអ្នកមិនទាន់បានបើកមើល។ លើសពីនេះ ទទួលបានលេខកូដ Login Code ពីតេទ្បេក្រាម ជាញឹកញាប់ (បញ្ជាក់ថាមានគេ ព្យាយាមចូលគណនីរបស់លោកអ្នក)។ ក្នុងករណីបើលោកអ្នកបាន Terminate រួចរាល់ហើយសូមប្រញាប់ដាក់ Two-Step Verification ភ្លាមដើម្បីការពារកុំឱ្យជនខិលខូចចូលបានម្ដងទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត