
ក្រុងសៀមរាប៖ កម្ពុជា-ចិន តាមរយៈក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នឹងសហការរៀបចំ«មហោស្រពក្បាច់គុនចម្រុះកម្ពុជា-ចិន» នៅសប្ដាហ៍ក្រោយ ដើម្បីផ្សព្វផ្សាយទេសចរណ៍វប្បធម៌ រវាងប្រទេសទាំងពីរ...។

ក្រសួងទេសចេរណ៍ បានឱ្យដឹងថា «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នឹងត្រូវរៀបចំឡើងនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៧:០០នាទីព្រឹក នៅទីតាំងខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប ដោយមានការសម្ដែងរួមគ្នារវាងក្រុមសិល្បករក្បាច់គុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់ខ្មែរ ជាមួយក្បាច់គុនកុងហ្វូ សៅលីង និងថៃជី របស់ព្រះសង្ឃដែលនិមន្តមកដោយផ្ទាល់ពីវត្តសៅលីង ប្រទេសចិន។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» សម្រាប់ឆ្នាំ២០២៦ ផ្សព្វផ្សាយទេសចរណ៍វប្បធម៌ កម្ពុជា-ចិន ព្រមទាំងផ្សព្វផ្សាយអំពីការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែន(PRC) ទាំងអស់ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឱ្យកាន់តែទូលំទូលាយដល់សាធារណជន និងប្រជាពលរដ្ឋចិន។

ក្នុងន័យនេះ ក្រសួងទេសចរណ៍អំពាវនាវឱ្យគ្រប់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ អ្នកផលិតមាតិកា និងសាធារណជន សូមចូលរួមទស្សនាដោយសេរី និងផ្សព្វផ្សាយព្រឹត្តិការណ៍ខាងលើឱ្យបានទូលំទូលាយ៕





