ដូណាល់ ត្រាំ ត្រូវបានក្រុមសន្តិសុខសម្ងាត់ជម្លៀសចេញភ្លាមៗ ក្រោយមានការបា.ញ់ប្រ.ហា.រ
N
Nary Vann
10 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ភាពចលាចលបានផ្ទុះឡើងនៅសណ្ឋាគារវ៉ាស៊ីនតោន ហីលតុន (Washington Hilton) កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាម៉េរិក) បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានការបាញ់ប្រហារមួយបានកើតឡើង ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងចូលរួមក្នុងពិធីជប់លៀងប្រចាំឆ្នាំរបស់អ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន...។

សាក្សី និងអ្នកយកព័ត៌មាន AFP បានរាយការណ៍ថា សំឡេងផ្ទុះយ៉ាងខ្លាំងបានបន្លឺឡើង បង្ខំឱ្យភ្ញៀវកិត្តិយសនាំគ្នាជ្រកក្រោមតុ ដើម្បីគេចចេញពីគ្រាប់កាំភ្លើង។ ភ្លាមនោះ ក្រុមការងារសន្តិសុខយុទ្ធសាស្ត្រដែលមានកាំភ្លើងក្នុងដៃ បាននាំគ្នារត់មកកាន់កាប់វេទិកាដែលលោក ត្រាំ កំពុងអង្គុយ ហើយបានជម្លៀសចេញពីកន្លែងកើតហេតុដោយសុវត្ថិភាព។ ប៉ូលិសរាប់រយនាក់បានឡោមព័ទ្ធសណ្ឋាគារ ខណៈឧទ្ធម្ភាគចក្រហោះហើរពេញផ្ទៃមេឃ។ យោងតាមបណ្ដាញព័ត៌មាន CNN លោក ដូណាល់ ត្រាំ មិនបានរងរបួសឡើយ។ មានសេចក្តីរាយការណ៍មិនទាន់ផ្លូវការថា ភ្នាក់ងារសម្ងាត់ចាប់ខ្លួនជនសង្ស័យម្នាក់ ហើយមានមនុស្សម្នាក់បានរងរបួសនៅក្នុងហេតុការណ៍នោះ។

គួរកត់សម្គាល់ថា សណ្ឋាគារ វ៉ាស៊ីនតោន ហីលតុន ដែលជាកន្លែងកើតហេតុ ក៏ជាទីតាំងដែលអតីតប្រធានាធិបតី រ៉ូណាល់ រីហ្គែន (Ronald Reagan) ធ្លាប់ត្រូវបានគេលួចបាញ់កាលពីឆ្នាំ១៩៨១ផងដែរ។ ចំពោះលោក ត្រាំ នេះគឺជាលើកទីមួយហើយដែលលោកយល់ព្រមចូលរួមក្នុងកម្មវិធីនេះ ក្នុងនាមជាប្រធានាធិបតី បន្ទាប់ពីលោកធ្លាប់បានបដិសេធជាច្រើនឆ្នាំកន្លងមក ដោយសារជម្លោះជាមួយប្រព័ន្ធផ្សព្វផ្សាយ។

ព្រឹត្តិការណ៍បាញ់ប្រហារនេះ កើតឡើងចំពេលលោក ត្រាំ ធ្លាប់រួចផុតពីការប៉ុនប៉ងធ្វើឃាតចំនួនពីរលើករួចមកហើយ កាលពីកំលុងឆ្នាំ២០២៤។ ទោះបីជាមានការភ្ញាក់ផ្អើលខ្លាំងក៏ដោយ អ្នករៀបចំកម្មវិធីបានប្រកាសប្រាប់ភ្ញៀវថា ពិធីជប់លៀងនឹងនៅតែបន្តដំណើរការទៅមុខទៀត បន្ទាប់ពីស្ថានភាពត្រូវបានគ្រប់គ្រង។ បច្ចុប្បន្ន អាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតយ៉ាងល្អិតល្អន់ ដើម្បីស្វែងរកការពិតនៅពីក្រោយការបាញ់ប្រហារដ៏កក្រើកនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត