មន្ទីរបញ្ចកោណបណ្តេញមេទ័ពជើងទឹកចេញពីតំណែងភ្លាមៗ ទាំងសង្រ្គាមជាមួយអ៊ីរ៉ង់មិនទាន់ដឹងសខ្មៅ
N
Nary Vann
6 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក (មន្ទីរបញ្ចកោណ) បានប្រកាសថា រដ្ឋលេខាធិការកងទ័ពជើងទឹក លោក ចន ភីឡាន (John Phelan) នឹងចាកចេញពីតំណែងជាបន្ទាន់។ ការចាកចេញនេះ កើតឡើងចំពេលសហរដ្ឋអាម៉េរិកកំពុងជាប់ដៃក្នុងសង្រ្គាមជាមួយអ៊ីរ៉ង់ ដែលមិនទាន់មានដំណោះស្រាយ និងបន្ទាប់ពីការដកតំណែងមន្ត្រីយោធាជាន់ខ្ពស់ជាបន្តកន្ទុយគ្នា យ៉ាងរដឹកពីសំណាក់រដ្ឋបាលលោក ដូណាល់ ត្រាំ...

លោក ចន ភីឡាន
លោក ចន ភីឡាន

សេចក្តីថ្លែងការណ៍ផ្លូវការមិនបានបញ្ជាក់ពីមូលហេតុនៃការចុះចេញភ្លាមៗនេះទេ ប៉ុន្តែប្រភពជិតស្និទ្ធបានបង្ហើបប្រាប់សារព័ត៌មាន The Guardian ថា លោក ភីឡាន ត្រូវបានបណ្ដេញចេញ ដោយសារជម្លោះផ្ទៃក្នុងជាមួយរដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក ភិត ហេកសិត (Pete Hegseth) និងមន្ត្រីជាន់ខ្ពស់ដទៃទៀត។ ជម្លោះនេះ ត្រូវបានគេដឹងថា កើតឡើងដោយសារលោក ហេកសិត មិនពេញចិត្តនឹងចំណាត់ការរបស់លោក ភីឡាន ដែលមិនបានចាត់វិធានការខ្លាំងក្លា ប្រឆាំងនឹងសមាជិកព្រឹទ្ធសភា ម៉ាក ខេលី (Mark Kelly) បន្ទាប់ពីសមាជិករូបនេះ ណែនាំកងទ័ពឱ្យបដិសេធបញ្ជាខុសច្បាប់។ ក្រៅពីនេះ លោក ភីឡាន ក៏ត្រូវបានគេរាយការណ៍ថា មានការទាស់ទែងជាមួយអនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម ស្តេហ្វេន ហ្វីនប៊ើក (Stephen Feinberg) លើបញ្ហាការដឹកនាំគម្រោងសាងសង់នាវាចម្បាំងផងដែរ។

លោក ភិត ហេកសិត (ឆ្វេង) និងលោក ចន ភីឡាន
លោក ភិត ហេកសិត (ឆ្វេង) និងលោក ចន ភីឡាន

លោក ហុង កៅ (Hung Cao) អនុរដ្ឋលេខាធិការកងទ័ពជើងទឹក និងជាអតីតយុទ្ធជនដែលធ្លាប់ភៀសខ្លួនពីប្រទេសវៀតណាម នឹងឡើងមកកាន់តំណែងជា «រដ្ឋលេខាធិការស្ដីទី»។ លោក ហុង កៅ គឺជាបុគ្គលដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីលោក ដូណាល់ ត្រាំ និងថ្នាក់ដឹកនាំមន្ទីរបញ្ចកោណបច្ចុប្បន្ន។ ការផ្លាស់ប្ដូរមេដឹកនាំកងទ័ពជើងទឹកដ៏ទាន់ហន់បែបនេះ កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ភីឡាន ថ្លែងសុន្ទរកថា ក្នុងសន្និសីទប្រចាំឆ្នាំរបស់កងទ័ពជើងទឹក ហើយវាក៏កើតឡើងក្នុងកំលុងពេលដ៏សំខាន់ ដែលកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក កំពុងធ្វើការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ និងតាមប្រមាញ់នាវាដែលពាក់ព័ន្ធនឹងរដ្ឋធានីតេហេរ៉ង់ នៅទូទាំងពិភពលោក ក្នុងអំឡុងពេលបទឈប់បាញ់ដ៏ផុយស្រួយនៃសង្រ្គាមអ៊ីរ៉ង់។

គួរបញ្ជាក់ថា ចាប់តាំងពីវិលត្រឡប់មកកាន់អំណាចវិញកាលពីដើមឆ្នាំមុន ប្រធានាធិបតី ដូណាល់ ត្រាំ បានដឹកនាំការរុះរើបុគ្គលិកយោធាជាន់ខ្ពស់ទ្រង់ទ្រាយធំមិនធ្លាប់មាន ដែលរួមមានទាំងការបញ្ឈប់ប្រធានអគ្គសេនាធិការចម្រុះ លោក ឆាលឡេស ស៊ីឃ្យូ ប្រោន (Charles CQ Brown) កាលពីខែកុម្ភៈ ឆ្នាំ២០២៥ និងមេបញ្ជាការកងទ័ពជើងទឹក ឆ្មាំសមុទ្ទ ក៏ដូចជាប្រធានភ្នាក់ងារសន្តិសុខជាតិផងដែរ។ ក្រៅពីការដកតំណែង មន្ទីរបញ្ចកោណក៏បានបញ្ជាឱ្យកាត់បន្ថយចំនួនឧត្តមសេនីយ៍ផ្កាយបួនយ៉ាងតិច២០ភាគរយ ដើម្បីកាត់បន្ថយទំហំរចនាសម្ព័ន្ធដឹកនាំយោធាជាន់ខ្ពស់ផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត