
រដ្ឋធានីប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នឹងចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសចំនួន៣ នៅតំបន់អាស៊ីអាគ្នេយ៍នៅសប្តាហ៍នេះ ក្នុងគោលបំណងពង្រឹងសម្ព័ន្ធភាពឱ្យកាន់តែរឹងមាំ ចំពេលពិភពលោកកំពុងជួបប្រទះនឹងហានិភ័យ និងការប្រែប្រួលដែលមិនធ្លាប់មានក្នុងមួយសតវត្សរ៍ចុងក្រោយ..។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គូ ចៃគុន (Guo Jiakun) បានប្រកាសថា លោក វ៉ាង យី នឹងមកទស្សនកិច្ចនៅប្រទេសកម្ពុជា ថៃ និងភូមា ឬមីយ៉ាន់ម៉ា ចាប់ពីថ្ងៃពុធរហូតដល់ថ្ងៃអាទិត្យសប្តាហ៍នេះ ដោយចាត់ទុកប្រទេសទាំងបី ជាអ្នកជិតខាងដ៏ល្អរបស់ចិន។ តាមរយៈសកម្មភាពការទូតខាងលើ ចិនព្យាយាមបង្ហាញខ្លួនជាជម្រើសដ៏មានស្ថិរភាពសម្រាប់សម្ព័ន្ធមិត្តរបស់ខ្លួន បើធៀបនឹងគោលនយោបាយពន្ធដារ និងការដឹកនាំដែលពិបាកស្មានរបស់លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ។ ក្នុងដំណើរទស្សនកិច្ចមកកាន់រាជធានីភ្នំពេញ នៅថ្ងៃពុធនេះ លោក វ៉ាង យី នឹងត្រូវអមដំណើរដោយរដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន (Dong Jun) ដើម្បីជួបពិភាក្សាការងារជាមួយសមភាគីកម្ពុជា ក៏ដូចជាចូលជួបសម្ដែងការគួរសមជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទីផងដែរ។

សូមជម្រាបថា ចិន គឺជាដៃគូពាណិជ្ជកម្ម និងជាប្រភពវិនិយោគដ៏ធំបំផុតរបស់កម្ពុជា ដែលទំនាក់ទំនងនេះ ត្រូវបានពង្រឹងយ៉ាងស្អិតល្មួតតាមរយៈទស្សនកិច្ចកម្ររបស់លោកប្រធានាធិបតី ស៊ី ជីនពីង កាលពីឆ្នាំមុន។ ការមកដល់របស់រដ្ឋមន្ត្រីការពារជាតិចិនរូបនេះ ក៏ជាសញ្ញានៃការបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងការពារជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅផងដែរ។ ក្រៅពីកម្ពុជា លោក វ៉ាង យី ក៏នឹងត្រូវបន្តដំណើរទៅកាន់ប្រទេសថៃ និងភូមា ដែលសុទ្ធសឹងជាប្រទេសស្ថិតក្នុងដំណាក់កាលអន្តរកាលនយោបាយសំខាន់ៗ។ មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ទើបតែស្បថចូលកាន់តំណែងជាប្រធានាធិបតីក្នុងខែនេះ ខណៈដែលថៃទើបតែបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី គឺ លោក អានុទីន ឆានវីរគុល (Anutin Charnvirakul) កាលពីខែមីនា និងកំពុងមានជម្លោះព្រំដែនជាមួយកម្ពុជា។

លោក អានុទីន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកនឹងស្នើចិនបញ្ជាទិញកសិផលបន្ថែមពីប្រទេសថៃ ដូចជា អង្ករ និងផ្លែឈើ ព្រមទាំងជំរុញការវិនិយោគបន្ថែមទៀត។ ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នាពេលនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រការទូតដ៏មមាញឹករបស់រដ្ឋធានីប៉េកាំង បន្ទាប់ពីទើបតែបានទទួលស្វាគមន៍មេដឹកនាំមកពី រុស្ស៊ី អេស្ប៉ាញ អាប៊ូដាប៊ី និងវៀតណាម កាលពីសប្តាហ៍មុន៕


